បច្ចុប្បន្ន Apple បានប្រកាសចេញ និងចេញលក់ iPhone 15 Series ជាផ្លូវការណ៍រួចហើយ ហើយឥលូវនេះ ក៏មានលេចលឺព័ត៌មានថ្មីទាក់ទងនឹងជំនាន់បន្ទាប់ គឺ iPhone 16 Series ដែលចេញនៅឆ្នាំ 2024។ បើតាមប្រភពព័ត៌មានទម្លាយថ្មីចុងក្រោយនេះ បាននិយាយថា Apple ទំនងជានឹងធ្វើការផ្លាស់ប្តូរឈ្មោះ iPhone 16 Pro Max ទៅជា iPhone 16 Ultra វិញម្តង។
ការប្តូរឈ្មោះហៅថាថ្មីសម្រាប់ iPhone ម៉ូដែល Pro Max ទៅជា Ultra នេះ ក៏នឹងមានភ្ជាប់មកជាមួយនូវអ្វីៗដែលថ្មីពិសេសផងដែរ បើតាមប្រភពពី Majin Bu ដែលជាប្លុកទម្លាយព័ត៌មានផលិតផលរបស់ Apple បាននិយាយថា Apple នឹងមានការបំពាក់នូវសែនស័រកាមេរ៉ាថ្មីចំនួនបីសម្រាប់ iPhone 16 Ultra ដែលសែនស័រថ្មីនេះ គឺនឹងមានទំនាក់ទំនងគ្នាយ៉ាងពិសេសជាមួយនឹងឧបករណ៍ Apple Vision Pro Headset ផងដែរ។ សម្រាប់ iPhone 16 នឹងគាំទ្រល្បឿន refresh rate 120Hz និងមានមុខងារ millimeter wave mode ដើម្បីជួយសន្សំសំចៃថាមពលថ្មថែមទៀតផង។
ចំនែកម៉ូដែល iPhone 16 Pro អាចនឹងមានប៊ូតុងថ្មីមួយទៀតហៅថា “View Button” ដែលប៊ូតុងថ្មីនេះ អាចនឹងមានភាពស្រដៀងគ្នានឹង Glance Button របស់ Microsoft ដែលបានប្រើនៅលើ Surface Duo 2 ប៉ុន្តែ វាជា Physical Button មិនមែនជា Digital Button នោះទេ។ បន្ថែមពីនេះ iPhone 16 Series ត្រូវបានគេព្យាករណ៍ថា នឹងមានការប្រើប្រាស់ប៊ូតុង Virtual Solid-state button ដែលនឹងកាន់តែផ្តល់នូវសោភ័ណ្ឌភាព ភាពទំនើប និងមុខងារប្រើប្រាស់កាន់តែសម្បូរបែប។
បើតាមប្រភពក៏បានបង្ហើបទៀតថា iPhone 16 Pro អាចនឹងកើនទំហំអេក្រង់ដល់ 6.3-inch ខណៈ iPhone 16 Pro Max ឬ Ultra អាចនឹងមានអេក្រង់ដល់ 6.9-inch។ ហើយនៅលើ iPhone 16 Pro ក៏នឹងមានការបង្កើនប្រសិទ្ធិភាពលើប្រព័ន្ធកាមេរ៉ាកាន់តែល្អប្រសើរជាងមុន ក្នុងនោះរួមមានការប្រើប្រាស់សែនស័រថ្មីទំហំ 48MP ក៏ដូចជាមានសែនស័រ 5x Polyprism telephoto ជាដើម៕