នៅលើបណ្តាញសារព័ត៌មាន MacRumors បានធ្វើការទម្លាយចេញនូវទំងន់ និងទំហំទទឹងខ្លួនរបស់ទូរស័ព្ទ iPhone ជំនាន់ថ្មីឆ្នាំ 2024 ដែលមានដូចជា iPhone 16, iPhone 16 Plus, iPhone 16 Pro និង iPhone 16 Pro Max/Ultra។ បើតាមរបាយការណ៍ដែលបានចេញផ្សាយកន្លងមកបាននិយាយថា Apple នឹងបង្កើនទំហំអេក្រង់របស់ iPhone 16 Pro និង iPhone 16 Pro Max/Ultra ធំជាង iPhone 15 Pro និង 15 Pro Max បច្ចុប្បន្នប្រមាណ 0.2-inch។
បើតាមប្រភពបាននិយាយថា សម្រាប់ម៉ូដែល iPhone 16 និង iPhone 16 Plus នឹងរក្សាទំហំវិមាត្រដូចគ្នាជំនាន់ iPhone 15 និង iPhone 15 Plus ដដែល គ្រាន់តែទំងន់អាចនឹងធ្ងន់ជាងបន្តិចប្រមាណជា 2 ក្រាម ដោយ iPhone 16 អាចនឹងមានទំងន់ប្រហែល 173 ក្រាម និង iPhone 16 Plus អាចនឹងមានទំងន់ប្រហែល 203 ក្រាម។ ហើយសម្រាប់អេក្រង់ ក៏នៅរក្សាទំហំដូចគ្នាដដែល គឺ 6.1-inch សម្រាប់ iPhone 16 និង 6.7-inch សម្រាប់ iPhone 16 Plus។ បន្ថែមពីនេះ Apple ក៏អាចនឹងប្តូរទម្រង់ក្នុងការរចនាប្រព័ន្ធកាមេរ៉ាក្រោយរបស់ iPhone 16 និង iPhone 16 Plus ផងដែរ ដែលអាចយកតាមការរចនារបស់កញ្ចប់លែនកាមេរ៉ារបស់ iPhone 12 និង iPhone 12 mini វិញ។ iPhone 16 និង iPhone 16 Plus ក៏នឹងរក្សាការប្រើប្រាស់ស៊ុមប្រភេទ Aluminum Frame Chassis ដូចនឹង iPhone 15 និង iPhone 15 Plus ដដែល។
ដោយឡែកសម្រាប់ម៉ូដែលកំពូលទាំងពីរ គឺ iPhone 16 Pro និង iPhone 16 Pro Max/Ultra ត្រូវបានគេដឹងថា នឹងមានអេក្រង់ធំជាងមុនឡើងដល់ 6.3-inch សម្រាប់ម៉ូដែល 16 Pro និង 6.9-inch សម្រាប់ម៉ូដែល 16 Pro Max/Ultra ដែលធំជាង iPhone 15 Pro និង 15 Pro Max ប្រមាណជា 0.2-inch។ ហើយការបង្កើនទំហំអេក្រង់នេះ ក៏អាចធ្វើឲ្យទំងន់ធ្ងន់ជាងមុនបន្តិចផងដែរ ដោយក្នុងនោះ iPhone 16 Pro អាចនឹងមានទំងន់ដល់ 194 ក្រាម ធ្ងន់ជាង iPhone 15 Pro ដែលមានទំងន់ 187 ក្រាម រី iPhone 16 Pro Max/Ultra អាចមានទំងន់ 225 ក្រាម ធ្ងន់ជាង iPhone 15 Pro Max ដែលមានទំហំ 221 ក្រាម។
ជាមួយគ្នានេះកម្ពស់ និងទទឹងរបស់ iPhone 16 Pro និង iPhone 16 Pro Max/Ultra ក៏ខ្ពស់ជាង និងរីកទទឹកជាង iPhone 15 Pro និង iPhone 15 Pro Max ផងដែរ ដែលកើនកម្ពស់ពី 146.6 mm ទៅ 149.6mm និង 159.9mm ទៅ 163.0mm ប៉ុន្តែ កម្រាស់ នៅរក្សាដូចគ្នាដដែល គឺ 8.25mm។ ចំនែកទទឹងអាចរីកពី 70.60 mm ទៅ 71.45 mm និង 76.70 mm ទៅ 77.58 mm។ iPhone 16 Pro និង iPhone 16 Pro Max/Ultra នឹងប្រើប្រាស់ស៊ុម Grade 5 Titanium Frame ដូចគ្នានឹង iPhone 15 Pro និង iPhone 15 Pro Max ដដែល។
ជាមួយគ្នានេះ ក៏មានលេចលឺព័ត៌មានថ្មីថា Apple មានគម្រោងក្នុងការដាក់បន្ថែមប៊ូតុងថ្មីមួយទៀតហៅថា Capture Button បន្ថែមពីលើ Action Button ដែលមាននៅលើ iPhone 15 Pro និង 15 Pro Max សម្រាប់ iPhone 16 Pro និង iPhone 16 Pro Max/Ultra ដែលចេញនៅឆ្នាំក្រោយនេះ។ ហើយសម្រាប់ iPhone 16 និង iPhone 16 Plus ក៏អាចនឹងទទួលបានការបំពាក់ប៊ូតុង Action Button និង Capture Button ផងដែរ៕