ជឿជាក់ថា គ្រប់គ្នាប្រាកដធ្លាប់បានដឹងរួចមកហើយ មិនថាតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗ ឬក៏ភោជនីយដ្ឋានតូចមួយនោះ ទេ គឺតែងតែមានលើកទឹកចិត្តសម្រាប់បុគ្គលិករបស់ខ្លួនជាប្រចាំនៅពេលមានពិធីបុណ្យធំៗម្តង។ ការធ្វើបែបនេះ គឺទំនៀម ទំលាប់ដ៏ល្អមួយដែលមិនអាចខ្វះ បានដើម្បីអោយអ្នកធ្វើការជាមួយមានភាពសប្បាយរីករាយក្រោយពីបានបំពេញការងារ។ យោងតាមរបាយការណ៌ថ្មីៗនេះ មាននិយាយថា Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិន ក៏បានលើកទឹក ចិត្តដល់បុគ្កលិករបស់ខ្លួនផងដែរ នៅក្នុងឱកាសបុណ្យ Mid-Autumn Festival ដោយក្រុមហ៊ុននេះបានផ្តល់អំណោយ Mate 60 ម្នាក់មួយគ្រឿង។
ព័ត៌មានថ្មីនេះ ត្រូវបានគេមើលឃើញនៅលើបណ្តាញសង្គមជាច្រើនតាមរយៈបុគ្គលិករបស់ក្រុមហ៊ុន Huawei ចែកចាយ នូវរូបភាពថ្មីៗជាមួយនិងកាដូរបស់ក្រុមហ៊ុនដែលបានផ្តល់អោយនៅក្នុងឱកាសបុណ្យ Mid-Autumn Festival gifts នា ពេលថ្មីៗនេះ។ នៅក្នុងចំណោមកាដូទាំងនេះ ក៏មានស្មាតហ្វូនម៉ូដែលប្រណិតរបស់ក្រុមហ៊ុន Huawei ម៉ូដែល Mate 60 ក៏ដូចជា Mooncakes ចំនួន 6 និងប៉ាន់តែ ហើយនិងកែវតែ ក៏ដូចជាតែមួយកញ្ចប់ផងដែរ។
សូមជំរាបថា ស្មាតហ្វូន Mate 60 ថ្មីៗនេះ គឺជាម៉ូដែលថ្មីមួយ ដែលមានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារ បើទោះបីជាតម្លៃស្មាតហ្វូនថ្មីនេះ មានតម្លៃខ្ពស់ក៏ដោយ។ ស្មាតហ្វូនថ្មីនេះត្រូវបានគេបញ្ជាក់ថា មានកម្លាំងខ្លាំង និងមានការភ្ជាប់នូវបច្ចេកវិទ្យាថ្មីៗ ហើយនិងមានការឌីស្សាញរូបរាងបែបថ្មីថែមទៀតផង។ នៅក្នុងលិខិតរបស់ក្រុមហ៊ុននេះ គឺមានការថែ្លងអំណរគុណដល់បុគ្គលិករបស់ខ្លួនពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Huawei ផ្នែក terminal business group នៅក្នុងប្រទេសចិនផងដែរ។