ព័ត៌មានរបស់បងប្អូនកំពូលស្មាតហ្វូនជំនាន់ថ្មីឆ្នាំ 2024, Samsung Galaxy S24, S24 Plus និង S24 Ultra ត្រូវបានបែកធ្លាយជាហូរហែរក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេះ ហើយនៅពេលនេះប្រភពចេញពីគណនី Ice Universe បានធ្វើការបញ្ជាក់បន្ថែមទាក់ទងនឹងកម្រាស់ ទំងន់ ទំហំអេក្រង់ កម្រិតបង្ហាញអេក្រង់ កម្រិតពន្លឺអេក្រង់ និងទំហំថ្ម ក៏ដូចជាបច្ចេកវិទ្យាសាកថ្មរបស់ Galaxy S24 Series បន្ថែមទៀត។
បើតាមការបង្ហាញដោយគណនីខាងលើនេះឲ្យឃើញថា Galaxy S24 គឺមានអេក្រង់ទំហំ 6.2-inch គាំទ្រកម្រិតបង្ហាញ Full-HD+ និងមានគែម Bezel តូចស្តើង ខណៈម៉ូដែល Galaxy S24 Plus មានទំហំអេក្រង់ដល់ 6.7-inch និងមានកម្រិតបង្ហាញខ្ពស់ដល់ Quad-HD+ ចំនែកបងធំ Galaxy S24 Ultra គឺមានអេក្រង់ទំហំ 6.8-inch ជាមួយកម្រិតបង្ហាញ Quad-HD+។ ហើយបន្ទះអេក្រង់របស់បងប្អូន Galaxy S24 គឺគាំទ្រកម្រិតពន្លឺខ្ពស់ដល់ 2,500nits ដូចៗគ្នា។
ទៅលើទំហំវិមាត្រវិញ Galaxy S24 គឺមានកម្ពស់ 147mm × ទទឹង 70.6mm × កម្រាស់ 7.6mm ដែលបង្ហាញថា កម្ពស់របស់ Galaxy S24 លូតខ្ពស់ជាង Galaxy S23 ដែលមានកម្ពស់ 146.3mm។ Galaxy S24 អាចមានទំងន់ 168 ក្រាមដូច Galaxy S23 ដែរ ខណៈទំហំថ្មអាចកើនដល់ 4,000mAh ហើយនិងគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 25W Wired Fast Charging។ ចំនែក Galaxy S24 Plus គឺមានទំហំវិមាត្រ 158.5 × 75.9 × 7.7mm ជាមួយទំងន់ 195 ក្រាម រី Galaxy S24 Ultra គឺមានទំហំវិមាត្រ 162.3 × 79 × 8.6mm និងមានទំងន់ 233 ក្រាម។ សម្រាប់ថ្មវិញ Galaxy S24 Plus មានទំហំ 4,900mAh និង Galaxy S24 Ultra មានថ្មទំហំ 5,000mAh ហើយនិងគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 45W Wired Fast Charging ដូចគ្នា។
Ice Universe បានបញ្ជាក់បន្ថែមថា គែម Bezel អេក្រង់របស់ Galaxy S24 និង S24 Plus អាចនឹងស្តើងជាង Bezel អេក្រង់របស់ iPhone 15 Pro និង iPhone 15 Pro Max ដែលអាចមានកម្រាស់ត្រឹម 1.5mm ធៀបនឹង 1.7mm នៅលើ iPhone កំពូលជំនាន់ថ្មីទាំងពីរនេះ។ ហើយ Galaxy S24 Ultra អាចនឹងមានកម្ពស់ខ្លីជាងប្រមាណ 1mm ធៀបនឹងជំនាន់ Galaxy S23 Ultra បច្ចុប្បន្ន។ បងធំ Galaxy S24 Ultra អាចនឹងប្រើប្រាស់ស៊ុមថ្មីប្រភេទ Titanium Frame ដូច iPhone 15 Pro និង 15 Pro Max ដែរ ហើយបងធំនេះ ក៏នឹងបំពាក់សែនស័រ 200MP ថ្មី ដែលមានសមត្ថភាពខ្ពស់ជាងមុខទាំងការថតរូប និងវីដេអូ។ បងប្អូន Galaxy S24 Series នឹងបំពាក់កំពូលឈីបជំនាន់ថ្មី Snapdragon 8 Gen 3 For Galaxy ហើយក៏អាចនឹងមានជម្រើសប្រើឈីប Exynos 2400 របស់ក្រុមហ៊ុនផ្ទាល់ផងដែរ៕