Tecno Phantom V Flip គឺជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Tecno ដែលមានរូបរាងប្រហែលគ្នាជាមួយនិងស្មាតហ្វូន Galaxy Z Flip5 នោះ ត្រូវបានក្រុមហ៊ុននេះប្រកាសជាផ្លូវការកាលពីសប្តាហ៍មុន។ យោងតាមព័ត៌មានថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានលក់នៅលើប្រទេសឥណ្ឌានៅថ្ងៃអាទិត្យនេះហើយ ដែលប្រទេសនេះ នឹងក្លាយជាទីផ្សារមុនគេ ដែលនឹងទទួលបាននូវស្មាតហ្វូននេះ។
សម្រាប់ការលក់ជាលើកដំបូងនេះ គឺធ្វើឡើងនៅលើហាងអនឡាញ Amazon.in ដោយស្មាតហ្វូនថ្មីនេះ គឺមានតម្លៃចាប់ពី INR49,999 ($600/€565) ឡើងទៅហើយនឹងមានពីរពណ៌គឺ Iconic Black និង Mystic Dawn។ សួមជំរាបថា ស្មាតហ្វូន Phantom V Flip គឺជាស្មាតហ្វូនអេក្រង់បត់ប្រភេទ clamshell ដំបូងបំផុតរបស់ក្រុមហ៊ុន Tecno ដែលមានការបំពាក់នូវអេក្រង់បត់ AMOLED ដែលមានទំហំ 6.9 អ៊ីង ល្បឿន 120Hz បង្ហាញចេញបានកម្រិត FullHD+ និងមានការរចនាជាមួយនិងរន្ធ punch-hole នៅលើអេក្រង់ដែលមាន កាមេរ៉ា 32MP Selfie។ ស្មាតហ្វូននេះមានអេក្រង់ខាងក្រៅដែលមានទំហំ 1.3 អ៊ីហើយនឹងមានកាមេរ៉ា 2 គ្រាប់ដោយកាមេរ៉ាគោលមានទំហំ 64MP primary និងមួយគ្រាប់ទៀតមានទំហំ 13MP ultrawide ។
ស្មាតហ្វូន Tecno Phantom V Flip ថ្មីនេះ គឺមានការដាក់អោដំណើរការនៅលើបន្ទះឈីប Dimensity 8050 SoC និងមានអមជាមួយរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB។ ស្មាតហ្វូននេះដំណើរការនូវ Android 13 ផ្អែកនៅលើ HiOS 13.5 ។ ស្មាតហ្វូន Tecno Phantom V Flip នេះ ក៏ការបំពាក់នូវ stereo speakers, ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងថាមពលថ្មទំហំ 4,000 mAh ជាមួយនឹង 45W wired charging ផងដែរ៕