នៅពេលនេះ ការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើនរបស់ស្មាតហ្វូន Galaxy S24 series ត្រូវបានទម្លាយនៅលើអនឡាញហើយបើគិតត្រឹមថ្ងៃនេះ គឺនៅសល់រយៈពេលច្រើនខែទៀតទើបបង្ហាញខ្លួនជាផ្លូវការចូលមកដល់។ យោងតាមការទម្លាយនាពេលថ្មីៗនេះ តាមរយៈអ្នកទម្លាយ Steve Hemmerstoffer ឬ “OnLeaks” និង SmartPrix បានចែកនូវរូបភាព និងវីដេអូកម្រិត 360 ដឺក្រេរបស់ស្មាតហ្វូន Samsung Galaxy S24 ហើយ។
រូបភាពថ្មីនេះ បានបង្ហាញថា ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតថ្មីនេះ គឺមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S23 Series ដែលបានបង្ហាញកន្លងមកអញ្ចឹងដែរ។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាខាងក្រោយ និងអេក្រង់រាបស្មើជាមួយនឹងរន្ធប្រហោងមួយគ្រាប់នៅកណ្តាលអេក្រង់។ ស្មាតហ្វូន Galaxy S24 ថ្មីនេះ គឺមានការឌីស្សាញគែមរាបស្មើដែលខុសប្លែកបន្តិចពីស្មាតហ្វូន S23 បន្តិចបន្តួចប៉ុណ្ណោះ ។
ក្រៅពីនេះ វីដេអូនេះក៏មានការទម្លាយនូវពណ៌ខៀវស្រាល (light blue) របស់ស្មាតហ្វូន Galaxy S24 និង UWB (ultra-wideband) antenna strip នៅក្រោមប៊ូតុង Power ផងដែរ។ UWB គឺមានវត្តមាននៅលើស្មាតហ្វូន Galaxy S23+ និង S23 Ultra។ សម្រាប់ពេៈនេះ គឺជាលើកដំបូងបំផុតវានឹងមាននៅលើស្មាតហ្វូន Galaxy flagship នេះហើយ។ តាមប្រភពនេះ ស្មាតហ្វូន Galaxy S24 នេះមានវិមាត្រ 147x70.5x7.6 mm ដែលមានប្រវែងវែងជាងមុន និងស្តើងជាងស្មាតហ្វូន Galaxy S23 ។ កម្រាស់របស់ស្មាតហ្វូននេះគឺដូចគ្នា។ មុខងារជាច្រើននៅលើស្មាតហ្វូននេះគឺមាន USB Type-C port, SIM card slot, microphone និង loudspeaker នៅផ្នែកខាងក្រោមរបស់វា។
ស្មាតហ្វូននេះនឹងមានបន្ទះឈីប Qualcomm Snapdragon 8 Gen 3 ឬ Exynos 2400 ផ្អែកតាមទីផ្សារនិមួយៗ ហើយក៏មានការបំពាក់មកជាមួយនូវអេក្រង់ LTPO ល្បឿន 120Hz OLED ដែលមានកម្រិតពន្លឺដល់ទៅ 2,500nits ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាមុខទំហំ 12MP និងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 12MP ultrawide ខណៈដែលគ្រាប់ទីបីមានទំហំ 10MP telephoto ជាមួយនឹង 3x optical zoom។ ស្មាតហ្វូននេះមានរ៉េមទំហំ 12GB និងអង្គចងចាំទំហ 256GB និង 512GB។ ស្មាតហ្វូន Galaxy S24 series នឹងបង្ហាញខ្លួននៅកខែមករា ឬខែកុម្ភៈឆ្នាំ 2024 ខាងមុខនេះ៕