
Honor ROBOT PHONE ដែលជាស្មាតហ្វូនជំនាន់ថ្មីដំបូងបំផុត មានការឌីស្សាញបែបរ៉ូបូត មានទម្រង់ប្លែកទាក់ទាញ ត្រូវបានគេរាយការណ៍ថា នឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៅក្នុងឆមាសទី 1 ឆ្នាំ 2026 ខាងមុខនេះហើយ។ ទន្ទឹមនឹងព័ត៌មាននេះគេនៅមិនទាន់មានការបង្ហើបពីកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការស្មាតហ្វូនថ្មីនេះនៅឡើយទេ។ គួរបញ្ជាក់ថា នៅក្នុងកំឡុងពេលនៃការប្រកាសចេញជាផ្លូវការទៅលើស្មាតហ្វូន Magic 8 Series កន្លងមក ក្រុមហ៊ុន Honor បានទម្លាយចេញនូវស្មាតហ្វូន ROBOT PHONE ដំបូងបំផុតរបស់ពិភពលោកនេះផងដែរ។
ស្មាតហ្វូនជំនាន់ថ្មីនេះ ដែលមានទម្រង់នៃកាមេរ៉ារូបរាងជារ៉ូបូត ដែលភ្ជាប់នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានភាពខុសប្លែកពីស្មាតហ្វូនជាច្រើន ដែលមាននៅលើទីផ្សារកន្លងមក។ ក្រុមហ៊ុន Honor ក៏អាចនឹងដាក់បង្ហាញចេញនូវស្មាតហ្វូន Honor ROBOT PHONE នេះ នៅក្នុងព្រឹត្តិការណ៍ MWC 2026 ខាងមុខនេះផងដែរ។ សម្រាប់ការបែកធ្លាយចុងក្រោយនេះ គឺមានការបង្ហាញអំពីការត្រៀមផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូននេះផងដែរ។

យោងតាមអ្នកទម្លាយ SmartPikachu បានបញ្ជាក់ថា ស្មាតហ្វូន ROBOT PHONE នឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៅពាក់កណ្តាលឆ្នាំក្រោយនេះ។ ការប្រកាសជាផ្លូវការទៅលើស្មាតហ្វូននេះអាចនឹងចាប់ផ្តើមនៅក្នុងខែសីហាឆ្នាំក្រោយនេះ។ ROBOT PHONE គឺជាស្មាតហ្វូនដែលមានការលាយបញ្ចូលគ្នានៃបច្ចេកវិទ្យា AI និងផ្នែកសិល្បៈ។
.jpg)
ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាទម្រង់រ៉ូបូតដែលអាចថតរូបភាពបាន និងអាចបត់បានថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ បំពាក់នូវខួរក្បាល AI ក្នុងការចាប់យកនូវស្ថានភាពនៅជុំវិញខ្លួនរបស់ស្មាតហ្វូននេះ។ នៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវ Large-Scale YOYO AI Model ដែលធានាថា ស្មាតហ្វូនថ្មីនេះ នឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏ល្អបំផុតមិនធ្លាប់មានពីមុនមកនោះទេ៕





