
យោងតាមទិន្នន័យចេញពីស្ថាប័ន Counterpoint Research បានអោយដឹងថា ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនចែកចាយស្មាតហ្វូននាំមុខគេរបស់ពិភពលោក សម្រាប់ការនាំចេញនៅក្នុងឆ្នាំ 2025 នេះ។ ក្រុមហ៊ុននេះ មានចំណែកទីផ្សារចំនួន 20% សម្រាប់ទីផ្សារសកលដែលមានកំណើន 10% ធៀបទៅនឹងឆ្នាំមុននេះ ហើយក្រុមហ៊ុននេះ ក៏ស្ថិតនៅចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងចំណោមក្រុមហ៊ុន Top 5 នេះ។ ការនាំចេញស្មាតហ្វូនសម្រាប់ទីផ្សារសកលមានការកើនឡើង 2% នៅក្នុងឆ្នាំ 2025 នេះ។
កំនើននេះ គឺបានបង្ហាញអំពីតម្រូវការទៅលើស្មាតហ្វូនប្រណិត ការទទួលយកនូវបច្ចេកវិទ្យា 5G នៅលើទីផ្សារនោះ។ ក្រុមហ៊ុន Apple មើលឃើញនូវតម្រូវការដ៏ខ្លាំងក្លាទៅលើស្មាតហ្វូន iPhone 17 series នៅក្នុងត្រីមាសទី 4 នេះ ខណៈពេលដែលស្មាតហ្វូន iPhone 16 ក៏មានការពេញនិយមខ្លាំងនៅក្នុងប្រទេសជាច្រើនដូចជាឥណ្ឌា ជប៉ុន និងអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន Samsung ជាប់ចំណាត់ថ្នាក់លេខ 2 ដែលមានចំណែកទីផ្សារចំនួន 19% និងកំណើនប្រចាំឆ្នាំចំនួន 5%។ ស្មាតហ្វូនថ្នាក់កណ្តាល Galaxy A series នេះ ក៏ជួយជម្រុញទីផ្សារ ខណៈពេលដែលស្មាតហ្វូន Galaxy S25 និង Fold 7 នេះ ក៏បានជួយទីផ្សារស្មាតហ្វូននេះផងដែរ។

សម្រាប់ក្រុមហ៊ុន Xiaomi ជាប់ចំណាត់ថ្នាក់លេខ 3 ដែលមានចំណែកទីផ្សារចំនួន 13%។ ក្រុមហ៊ុននេះ មានតម្រូវការខ្លាំងនៅក្នុងអាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីន ដោយសារតែទីនេះមានតម្រូវការខ្ពស់ទៅលើស្មាតហ្វូនប្រណិត និងស្មាតហ្វូនថ្នាក់កណ្តាលនោះ។ យ៉ាងណាមិញ នៅក្នុងទីផ្សាររបស់ចិននៅឆ្នាំ 2025 នេះ ក្រុមហ៊ុន Xiaomi គឺជាប់ចំណាត់ថ្នាក់លេខ 1។

ក្រុមហ៊ុន vivo គឺជាប់លេខ 4 ដែលមានការជម្រុញពីស្មាតហ្វូនប្រណិតដែលមានការលក់ខ្លាំងក្លានៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុន OPPO ជាប់លេខ 5 ដែលមានការធ្លាក់ចុះ 4% ដោយសារតែតម្រូវការទាបនៅក្នុងប្រទេសចិន និងការប្រជែងខ្លាំងនៅក្នុងអាស៊ីប៉ាស៊ីហ្វិក។ ការនាំចេញសរុបរបស់ក្រុមហ៊ុន OPPO និង realme គឺមានចំនួន 11% ។ សម្រាប់ឆ្នាំ 2026 នេះ កំណើនទីផ្សារអាចនឹងមានការថយចុះផងដែរ ដោយសារតែតម្លៃម៉េមូរីមានការកើនឡើង និងកង្វះខាតទៅលើសមាសភាគ ហើយក្រុមហ៊ុនផលិតបន្ទះឈីបភាគច្រើន គឺផ្តោតទៅលើមជ្ឈមណ្ឌលទិន្នន័យ AI Data Centers ។ ក្រុមហ៊ុន Samsung និង Apple នៅតែមានភាពធន់នៅលើទីផ្សារ ខណៈពេលដែលក្រុមហ៊ុនជាច្រើននៅចិន ក៏ប្រឈមមុខទៅនឹងបញ្ហាជាច្រើនពាក់ព័ន្ធទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់ថែមទៀត៕





