
នេះគឺជាឡានភីកអាប់ Toyota Hilux ស៊េរីឆ្នាំ 2026 ដែលជាជំនាន់ទី 9 ប្រភទ Spec អឺរ៉ុប ទើបតែបានបង្ហាញខ្លួនជាផ្លូវការ នៅលើទីផ្សារអឺរ៉ុប ជាមួយនឹងការអាប់ដេតថ្មី និងមានជម្រើសម៉ាស៊ីន Mild-Hybrid ក៏ដូចជា អគ្គិសនីសុទ្ធ ផងដែរ។ សម្រាប់ប្រភេទ Mild-Hybrid គឺគួបផ្សំរវាងម៉ាស៊ីនម៉ាស៊ូត ចំណុះ 2.8L ទំហំ 4 ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបាន 201 HP និង ប្រើអាគុយ 48 វ៉ុល ហើយមានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ 3.5 តោន និង ដឹកបានទម្ងន់ 1 តោន។
សម្រាប់ប្រភេទអគ្គិសនីសុទ្ធវិញ គឺបំពាក់កញ្ចប់អាគុយ ទំហំ 59.2 kWh ប្រើម៉ូទ័រអគ្គិសនី 2 និងប៉ុង 2 (AWD) អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ បានចម្ងាយដល់ 380 KM (WLTP) នៅក្នុងទីប្រជុំជន។

យ៉ាងណាមិញ សម្រាប់ Toyota Hilux ប្រភេទអគ្គិសនីសុទ្ធនេះ អាចដឹកបានត្រឹមទម្ងន់ 715 គីឡូក្រាម និង អូសសណ្តោងបានទម្ងន់ 1.6 តោនប៉ុណ្ណោះ ប៉ុន្តែវាប្រើគ្រោងឆ្អឹង Body-on-frame ដូចគ្នា, មានកម្ពស់ពីបាតឡានទៅដី 212mm និង អាចចុះទឹកបានជម្រៅ 700mm ដូចគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ Toyota Hilux សម្រាប់ទីផ្សារអឺរ៉ុប បានប្តូរមកប្រើចង្កូតអេឡិចត្រូនិចថ្មី និងកែកុនប្រព័ន្ធជើងក្រោម ផងដែរ។ អ្វីដែលជាចំណុចផ្លាស់ប្តូរធំបំផុតនោះ គឺកាប៊ីនខាងក្នុងរបស់វា ដោយបានរៀបចំឡើងវិញថ្មីទាំងស្រុង ហើយមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ 12.3 អ៊ីញ និង កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ ផងដែរ៕





