
Renault Filante គឺជារថយន្ត Large HEV Crossover ដែលជាសមត្ថផលកើតចេញពីការចាប់ដៃសហការវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុនផលិតរថយន្តបារាំង Renault និងក្រុមហ៊ុនចិន Geely។ រថយន្ត Hybrid ខ្នាតធំមួយនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅទីផ្សារប្រទេសកូរ៉េខាងត្បូងជាផ្លូវការណ៍ជាមួយតម្លៃចាប់ពីខ្ទង់ $29,390 ហើយការនាំចេញទៅកាន់ដៃអតិថិជននឹងត្រូវធ្វើឡើងនៅក្នុងមីនា ខាងមុខនេះ។
Renault Filante HEV Crossover ត្រូវបានផលិតឡើងដោយប្រើប្រាស់ទម្រង់គ្រោងឆ្អឹង CMA modular architecture ជាមួយប្រវែងតួរខ្លួន 4,915mm/ទទឹង 1,890mm/កម្ពស់ 1,635mm ដែលធ្វើឲ្យ Filante ក្លាយជារថយន្តខ្នាតធំដំបូងគេនៅក្នុងម៉ាករថយន្តរបស់ប្រទេសបាំរាំងមួយនេះ។ Renault Filante មានជម្រើសពណ៌ដូចជា ពណ៌ស Satin Universe White, ពណ៌ខ្មៅ Satin Forest Black, ពណ៌គុជខ្យង Cloud Pearl, ពណ៌ប្រផេះ Urban Gray, និងខ្មៅ Metallic Black។ នៅក្នុងកាប៊ីននៅលើតាបឡូរបស់ Filante មានបំពាក់ដោយអេក្រង់ទំហំ 12.3-inch ចំនួន 3 រួមនឹងមុខងារបង្ហាញលើកញ្ចក់ដំបូលខាងមុខ AR-HUD ទំហំ 25.6-inch។

រថយន្ត Hybrid Crossover ស៊េរីថ្មីនេះ ក៏មានប្រព័ន្ធបច្ចេកវិទ្យាជំនួយការសំឡេងឆ្លាតវៃ AI-based voice assistant, មុខងារកាត់បន្ថយសំឡេង active noise cancellation, និងកញ្ចប់ប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរ assisted driving package រួមជាមួយដៃចង្កូតភ្ជាប់នូវមុខងារ emergency steering function ថែមទៀតផង។ ទោះបីជា Renault Filante មានប្រវែងដល់ទៅ 4.9m ប៉ុន្តែ រថយន្ត Large HEV Crossover កូនកាត់បារាំងចិនមួយនេះមានបំពាក់កៅអីតែ 2 ជួរប៉ុណ្ណោះ ហើយនៅឃ្លប់គូទក្រោយអាចដាក់ទំងន់បានចំណុះ 633L និងអាចដល់ 2,050L នៅពេលបត់កៅអីជួរទីពីរ។

សម្រាប់អនុភាពកម្លាំងវិញ Renault Filante HEV បានបំពាក់មកជាមួយប្រព័ន្ធម៉ាស៊ីនប្រភេទ traditional Hybrid 1.5-liter ជាមួយនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរដែលអាចផលិតកម្លាំងបាន 247 សេះ។ សម្រាប់ទំហំថ្មវិញ Filante បានបំពាក់មកជាមួយទំហំថ្មត្រឹម 1.64kWh ប៉ុណ្ណោះ ដែលតាមការបញ្ជាក់ពី Renault ទំហំថ្មនេះ គឺប្រើជំនួយដល់ប្រព័ន្ធម៉ូទ័រអគ្គិសនីនៅពេលបើកបរក្នុងទីក្រុង ឬទីប្រជុំជន និងជួយសន្សំសំចៃការប្រើប្រាស់បានដល់ 75%។ ទៅលើកម្រិតស៊ីសាំងរបស់ម៉ាស៊ីន Hybrid 1.5-Liter វិញ គឺ 6.6L/100km៕






