
គិតមកដល់ពេលនេះ ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S26 Ultra នៅមិនទាន់ដល់ពេលដាក់សម្ពោធជាផ្លូវការណ៌នៅឡើយទេ ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ គ្រោងនឹងរៀបចំនូវព្រឹត្តិការណ៌ Galaxy Unpacked 2026 នេះ នៅថ្ងៃទី 25 ខែកុម្ភៈខាងមុខ។ ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលពេលនេះ គឺព័ត៌មានថ្មីរបស់ស្មាតហ្វូនជំនាន់បន្ទាប់ Galaxy S27 Ultra ត្រូវបានគេទម្លាយចេញហើយ ដោយក្នុងនោះ គឺថែមទាំងមាននិយាយពីប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះថែមទៀតផង។
យោងតាមអ្នកទម្លាយដ៏ល្បីដែលមានឈ្មោះថា Ice Universe បានទម្លាយថា នៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Ultra នឹងមានការពង្រឹងខ្លាំងទៅលើប្រព័ន្ធកាមេរ៉ាក្រោយ ជាពិសេសទៅលើកាមេរ៉ាគោល។ អ្នកទម្លាយរូបនេះ បានបង្ហើបថា កាមេរ៉ាគោលស្មាតហ្វូននេះ នឹងប្រើប្រាស់សិនស័រថ្មី ISOCELL S5KHP6។ តាមប្រភពខាងលើនេះនិយាយថា សិនស័រនេះ គឺមានទំហំដូចគ្នាជាមួយនុង ISOCELL HP2 ដែលប្រើប្រាស់នៅលើ Galaxy S25 Ultra ក៏ដូចជាសិនស័រម៉ូដែល Ultra មុនៗដែរ។

សិនស័រថ្មីនេះ គឺមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP HP2 sensor ដែលមានកម្រិត 1/1.3 អ៊ីង ជាមួយនិងការគាំទ្រដោយ f/1.7 aperture lens។ អ្វីដែលពិសេសស្ថិតនៅពីក្រោយសិនស័រ HP6 ថ្មីនេះ គឺត្រូវបានគេនិយាយថា គឺមានការតម្លើងនូវបច្ចេកវិទ្យាថ្មី ដែលសមត្ថភាពខ្ពស់ ដោយអាចផលិតរូបភាព និងវីដេអូចេញមក មានភាពច្បាស់ និងមានគុណភាសពខ្ពស់ជាងជំនាន់មុនៗ។ បន្ថែមពីនេះអ្នកទម្លាយរូបនេះ ថែមទាំងបញ្ជាក់ថា នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Ultra ក៏នឹងមានការអាប់ហ្ក្រេដទោលើកាមេរ៉ាមុខផងដែរ។





