
រយៈពេលត្រឹមតែប៉ុន្មានខែក្រោយការបង្ហាញវត្តមានស្មាតហ្វូន OPPO Reno 15 series នៅលើទីផ្សារប្រទេសចិន កាលពីខែវិច្ឆិកាកន្លងទៅ នៅថ្ងៃនេះ មានលេចចេញនូវព័ត៌មានលម្អិតជាច្រើនអំពីស្មាតហ្វូនជំនាន់ថ្មី Reno 16 ជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO បែកធ្លាយនៅលើអ៊ីនធឺណិតផងដែរ។ នៅពេលនេះ ក្រុមហ៊ុន OPPO បានធ្វើការអាប់ដេតទៅលើស្មាតហ្វូនជំនាន់ថ្មី Reno Series នៅក្នុងពេលត្រឹមតែ 6 ខែប៉ុណ្ណោះ។
យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station ដែលជាប្រភពដ៏ល្បីឈ្មោះនោះ បាននិយាយថា នៅពេលនេះ ស្មាតហ្វូនស៊េរីថ្មី OPPO Reno 16 Series បានចូលក្នុងជំហាននៃការតេស្តនៅក្នុងប្រទេសចិនហើយតាមការគ្រោងទុកនោះ ស្មាតហ្វូនស៊េរីថ្មី Reno 16 series នេះ អាចនឹងបង្ហាញខ្លួននៅខែឧសភាខាងមុខ។ ស្មាតហ្វូន OPPO Reno 16 ថ្មីនេះត្រូវគេរំពឹងថា នឹងប្រើប្រាស់នូវអេក្រង់រាបស្មើរថែមទៀតផង។

សូមជំរាបថា ស្មាតហ្វូន Reno 15 series ដែលដាក់លក់កន្លងមក គឺមានអេក្រង់ទំហំ 6.32 អ៊ីង និង 6.78 អ៊ីង ហើយក្រុមហ៊ុន OPPO ប្រហែលជាអាចនឹងបន្តប្រើប្រាស់នូវទំហំអេក្រង់នេះ នៅលើស្មាតហ្វូន Reno 16 ផងដែរ។ បន្ថែមពីនេះ មានការបង្ហើបថា សម្រាប់ដែលស្តង់ដារនៃស្មាតហ្វូន Reno 16 Series នឹងមានកាមេរ៉ាគោលទំហំ 200MP អមមកជាមួយនឹង 50MP Periscope Telephoto lens។ បើមើលទៅលើស្មាតហ្វូន Reno 15 និង Reno 15 Pro គឺមានកាមេរ៉ាដូចគ្នា ប៉ុន្តែសម្រាប់ម៉ូដែលថ្មីនេះ ក្រុមហ៊ុន OPPO អាចនឹងប្រើប្រាស់នូវកាមេរ៉ាសិនស័រថ្មីផងដែរ។

ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 8500 Series។ តាមការបែកធ្លាយថ្មីមួយបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានគែមធ្វើពីលោហធាតុ និងគែម LIPO Bezel ។ ក្រុមហ៊ុន OPPO ក៏មានគោលដៅក្នុងការធ្វើអោយស្មាតហ្វូននេះ មានគែមស្តើង និងទម្ងន់ស្រាលបំផុតដូចគ្នា។ សម្រាប់ការផ្លាស់ប្តូរនៅលើស្មាតហ្វូន Reno series គឺមានការផ្តោតទៅលើភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងងាយស្រួលក្នុងការកាន់នៅដៃ៕





