
ក្រុមហ៊ុន OPPO បានចាប់ផ្តើមទម្លាយព័ត៌មានថ្មីនៃស្មាតហ្វូនបត់បានស៊េរីថ្មីរបស់ខ្លួនម៉ូដែល Find N6 ហើយ។ តាមកាតកត់សំគាល់កន្លងមក ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាខែមីនាខាងមុខនេះ។ នៅថ្ងៃនេះ នៅមុនការប្រកាសជាផ្លូវការណ៌ចូលមកដល់ មានការទម្លាយចេញនូវរូបភាព Render ជាច្រើនរបស់ស្មាតហ្វូនថ្មីនេះនៅលើអនឡាញ ផងដែរ។
ផ្អែកតាមអ្នកទម្លាយ Digital Chat Station បានអះអាងថា ស្មាតហ្វូនអេក្រង់បត់បាន Find N6 ថ្មីនេះ គឺទទួលបានវិញ្ញាបនបត្រអេក្រង់ពីស្ថាប័ន TÜV Rheinland ដែលមានបង្ហាញថា នៅលើអេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះ គឺមិនមានស្នាមផ្នត់នៅលើអេក្រង់នោះទេ។
ជាមួយគ្នានេះ អ្នកទម្លាយរូបនេះបានបន្តបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន OPPOនេះ នឹងមានការប្រើប្រាស់នូវគន្លឹះ Titanium Alloy Hinge និងមានការគាំទ្រដោយកញ្ចក់ប្រភេទ Self-Healing Memory Glass ដែលមិនធ្វើអោយមានស្នាមជ្រួញនៃអេក្រង់នោះទេ។ រូបភាព Render ថ្មីរបស់ស្មាតហ្វូន OPPO Find N6 បានទម្លាយនូវពណ៌ទាំង 3 របស់ស្មាតហ្វូននេះរួចហើយដែរ គឺមានពណ៌ស្វាយ ក្រហម និងពណ៌ស។

សម្រាប់ការឌីស្សាញរូបរាងទាំងស្រុង រួមនិងកាមេរ៉ារបស់ស្មាតហ្វូននេះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូន OPPO Find N5 កាលពីឆ្នាំមុននេះ ប៉ុន្តែស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាចំនួន 4 គ្រាប់។ នៅក្នុងរូបភាពបែកធ្លាយនេះ ថែមទាំងមានការបង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងមានភ្លើង LED Flash នៅក្រៅម៉ូឌុលកាមេរ៉ាផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន ក៏មានការសហការជាមួយនឹងក្រុមហ៊ុន Hasselblad ក្នុងការឌីស្សាញទៅលើស្មាតហ្វូននេះផងដែរ។

យោងតាមពាក្យចចាមអារ៉ាមជាច្រើននៅមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Find N6 នេះ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 17 ខែមីនាខាងមុខនេះ ជាមួយនឹងបន្ទះឈីប Snapdragon 8 Elite Gen 5 SoC មានថាមពលថ្មទំហំ 6,000mAh ហើយនិងកាមេរ៉ាខាងក្រោយទំហំ 200MP៕





