រថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធជាប្រភេទ all-electric roadster ម៉ូដែល MG Cyberster របស់ក្រុមហ៊ុន MG ត្រូវបានក្រុមហ៊ុនបញ្ជាក់ផ្លូវការណ៍ថា នឹងបង្ហាញវត្តមានជាផ្លូវការណ៍លើកដំបូងក្នុងប្រទេសម៉ាឡេស៊ី នៅត្រីមាសទី 3 ក្នុងឆ្នាំ 2024 នេះ។ ក្រុមហ៊ុន SAIC Motor Malaysia បានធ្វើការបញ្ជាក់ផ្លូវការណ៍នៅក្នុងសន្និសិតសារព័ត៌មានមួយនៅក្រោយការព្រឹត្តិការណ៍ប្រកាសចេញរថយន្តស៊េរីថ្មី MG4 EV និង ZS EV។
សូមបញ្ជាក់ថា SAIC Motor Malaysia បានធ្វើការបង្ហាញនូវរថយន្ត roadster ស៊េរីថ្មី MG Cyberster នេះនៅលើគេហទំព័រក្រុមហ៊ុនកាលពីអំឡុងខែកុម្ភៈកន្លងទៅ។ Cyberster នឹងក្លាយជារថយន្តម៉ូដែលទីបីរបស់ MG ដែលមានវត្តមាននៅក្នុងទីផ្សាររថយន្តប្រទេសម៉ាឡេស៊ី ហើយក៏នឹងក្លាយជារថយន្តប្រភេទ EV roadster ដំបូងគេផងដែរ ដែលត្រូវប្រកាសចេញនៅក្នុងប្រទេសនេះ។ សម្រាប់ទីផ្សារប្រទេសចិនវិញ MG Cyberster ត្រូវបានក្រុមហ៊ុនផ្តល់ជូននៅជម្រើសចំនួន 3 ផ្សេងគ្នាជាមួយជម្រើសប្រព័ន្ធដំណើរការដោយម៉ូទ័រពីរ (Dual-motor AWD) និងដំណើរការដោយម៉ូទ័រមួយ (Single-motor RWD)។
ហើយនៅក្នុងទីផ្សារប្រទេសចិន ក៏មានបានជម្រើសម៉ូទ័រ Cyberster Entry-Level Glamour Sport Edition ដែលប្រើម៉ូទ័រអគ្គិសនីមួយ rear- mounted single motor ដែលអាចផលិតកំលាំងបាន 314 សេះ (Hp) និងកំលាំងរមូល 475Nm រួមនឹងប្រើកញ្ចប់អាគុយទំហំ 64kWh ហើយអាចបើកបរបានចំងាយផ្លូវ 501km នេះបើតាមការបញ្ជាក់ដោយស្ថាប័ន CLTC។
ហើយសម្រាប់ម៉ូដែល Mid-Spec Style Edition របស់ MG Cyberster វិញ ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ (single-motor rear wheel drive) ដូចគ្នាទៅនឹងម៉ូដែល Glamour Sport Edition ដែរ ប៉ុន្តែ អាចផលិតកំលាំងបានខ្លាំងជាងដល់ 340សេះ និងបំពាក់កញ្ចប់អាគុយធំជាងឡើងដល់ 77kWh ដែលមានសមត្ថភាពអាចបើកបរបានចំងាយផ្លូវដល់ 580km បើតាមការបញ្ជាក់ពីស្ថាប័ន CLTC នៅពេលសាកភ្លើងមួយពេញម្តង។ ចំនែកម៉ូដែលកំពូលដែលដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ឬ Dual-electric motor all-wheel-drive វិញអាចផលិតកំលាំងបានដល់ទៅ 544 សេះ និងកំលាំងរមូល 725Nm ដែលអាចជាន់សន្ទុះល្បឿនត្រឹម 3.2 វិនាទី ព្រមទាំងអាចជាន់ល្បឿនលឿនបំផុត Top-Speed ដល់ 200km/h។
សម្រាប់ម៉ូដែល MG Cyberster ដែលបានប្រកាសចេញនៅក្នុងប្រទេសថៃថ្មីៗនេះ បានបំពាក់នូវកញ្ចប់អាគុយកំលាំង 77kWh ប្រភេទ Lithium-Ion ដែលជាបើកបានចំងាយផ្លូវ 503km នៅពេលសាកភ្លើងមួយពេញម្តង តាមការបញ្ជាក់ពីស្ថាប័ន CLTC របស់ប្រទេសចិន។ ម៉ូដែលនេះគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Fast Charging កំលាំង 140kW ដែលសាកពី 10% ទៅ 80% ប្រើពេលប្រមាណ 26 នាទីប៉ុណ្ណោះ៕