
BYD បានប្រកាសចេញលក់ឡាន Plug-in-hybrid SUV ម៉ូដែល Sealion 6 ជាផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុនជាមួយតម្លៃចាប់ពីខ្ទង់ 3,982,000 យ៉េន ឬប្រហែល $26,700 ដែលធ្វើឲ្យម៉ូដែលនេះ ក្លាយជាឡាន PHEV SUV ដែលមានតម្លៃធូរថ្លៃជាងគេនៅទីផ្សារប្រទេសជប៉ុន។ Sealion 6 គឺជាឡាន Plug-in-hybrid ម៉ូដែលដំបូងគេរបស់ BYD សម្រាប់ទីផ្សារប្រទេសជប៉ុន ហើយវាត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ផ្លូវការណ៍កាលពីថ្ងៃទី 1 ខែធ្នូ ថ្មីៗនេះ។ BYD បានឈានជើងចូលក្នុងទីផ្សាររថយន្តប្រទេសជប៉ុនកាលពីឆ្នា 2023 ជាមួយការប្រកាសចេញរថយន្តបានចំនួន 4 ម៉ូដែលរួចហើយ។
BYD Sealion 6 គឺជារថយន្ត SUV ប្រភេទ plug-in hybrid ដែលលក់ដាច់បំផុតនៅលើពិភពលោក ដោយការលក់ម៉ូដែលនេះ គឺចំនួនប្រហែល 30% នៃការលក់រថយន្ត PHV នៅទូទាំងពិភពលោក គិតចាប់ពីខែមករាដល់ខែតុលា។ នៅក្នុងស្រឡាយរថយន្តរបស់ BYD ម៉ូដែល Sealion 6 បាននាំមុខគេក្នុងការលក់របស់ក្រុមហ៊ុននៅទីផ្សារពិភពលោក។ នៅទីផ្សារអឺរ៉ុប BYD Sealion 6 ត្រូវបានចេញលក់ក្រោមស្លាកឈ្មោះថ្មីថា "Seal U" ហើយក៏ជាឡាន plug-in-hybrid ដែលលក់ដាច់បំផុតនៅក្នុងខែមិថុនា ហើយ BYD ក៏កំពុងផ្សព្វផ្សាយសម្រាប់ការលក់រថយន្ត PHV នៅទីផ្សារអាស៊ីអាគ្នេយ៍ផងដែរ។
.png)
នៅក្នុងទីផ្សារប្រទេសជប៉ុន BYD បានចេញលក់ Sealion 6 ទាំងម៉ូដែល Hybrid និង Plug-in-hybrid ជាមួយតម្លៃថ្លៃជាងបន្តិចបើធៀបនឹង Toyota Pruis PHEV ដែលមានតម្លៃខ្ទង់ $25,800។ យ៉ាងណាមិញតម្លៃរបស់ Sealion 6 គឺធូរថ្លៃជាងម៉ូដែល Toyota Harrier ដែលមានតម្លៃខ្ទង់ $33,900 និង Mitsubishi Outlander PHEV ដែលមានតម្លៃ $35,500។
.png)
BYD Sealion 6 ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid ជាមួយម៉ូទ័រអគ្គិសនីមួយ និងមានកញ្ចប់ថ្មដែលសាកភ្លើងពេញម្តងអាចជិះដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 100km ដែលល្អបំផុតសម្រាប់ការប្រើប្រាស់ក្នុងទីក្រុង។ ហើយសម្រាប់ម៉ាស៊ីនសាំង Hybrid វិញ គឺមានកម្រិតស៊ីសាំងប្រមាណ 22.4km/1-liter។ ឡាន PHEV SUV មួយនេះ ក៏មានភ្ជាប់មកជាមួយប្រព័ន្ធសែនស័រ millimetre-wave radar បីគ្រាប់, សែនស័រកាមេរ៉ាកម្រិតខ្ពស់ ដែលជាជំនួយដល់ប្រព័ន្ធមុខងារជំនួយការបើកបរថែមទៀតផង។ យោងតាមទិន្នន័យពីស្ថាប័ន Japan Automobile Importers Association បានបង្ហាញថា BYD លក់រថយន្តថ្មីបានចំនួន 3,298 គ្រឿងនៅទីផ្សារជប៉ុនចាប់ពីខែមករា ដល់ខែតុលា មានកំណើនការលក់ប្រចាំឆ្នាំ 60%៕





