
ឃើញថារយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់កូរ៉េខាងត្បូង Kia បានខិតខំក្នុងការពង្រីកទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួនជាមួយនឹងការបង្ហាញចេញនូវរថយន្តអគ្គិសនីច្រើនស៊េរី ច្រើនជម្រើស បំពេញតាមសេចក្តីត្រូវការរបស់អតិថិជន។ ហើយសន្ទុះនៃការគាំទ្រឡានអគ្គិសនីរបស់ Kia ក៏មានការកើនឡើងខ្លាំងផងដែរ។ ទន្ទឹងនេះ Kia ត្រូវបានគេរាយការណ៍ថា បានត្រៀមចេញរថយន្តអគ្គិសនីថ្មីមួយស៊េរីទៀតដែលជាប្រភេទ Compact SUV EV ម៉ូដែល Kia EV2។
Kia EV2 ត្រូវបានក្រុមហ៊ុនធ្វើការដាក់តាំងបង្ហាញគំរូផ្លូវការណ៍កាលពីដើមឆ្នាំ 2025 នៅក្នុងកម្មវិធី Kia EV Day 2025 ហើយរយះពេល 11 ខែបន្ទាប់ពីការបង្ហាញគំរូរួចមក រថយន្ត Compact SUV ថ្មីនេះ ត្រូវបានគេដឹងថា នឹងចូលក្នុងសង្វាក់ផលិតកម្មផ្លូវការណ៍នាដើមឆ្នាំ 2026 ខាងមុខនេះ។

គ្រាន់តែពេលនេះក្រុមហ៊ុន Kia មិនទាន់បង្ហាញព័ត៌មានលម្អិតអំពី EV2 នៅឡើយទេ ដែលតាមប្រភពព័ត៌មាន Kia EV2 ថ្មីនេះ នឹងមានវត្តមានផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ Brussels Motor Show ដែលរៀបចំធ្វើឡើងចាប់ពីថ្ងៃទី 9 ដល់ថ្ងៃទី 18 ខែមករា ឆ្នាំ 2026 ខាងមុខនេះ។ ជាមួយគ្នានេះ Kia ក៏មានការបញ្ជាក់ផ្លូវការណ៍ថា EV2 គឺនឹងត្រូវផលិតនៅក្នុងតំបន់អឺរ៉ុបសម្រាប់ទីផ្សារអ្នកប្រើប្រាស់ក្នុងតំបន់តែម្តង។

បើតាមប្រភពមិនផ្លូវការណ៍បានបង្ហើបថា Kia EV2 អាចនឹងគាំទ្រកម្លាំងសាកភ្លើង 400-volt។ EV2 នឹងចែករំលែកបច្ចេកវិទ្យាថ្មពីម៉ូដែល Hyundai Inster ដែលថ្មពីរជម្រើស គឺជម្រើសទំហំ 39kWh និង 46kWh ដែលការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 327km និង 369km ហើយនិងមានជម្រើសប្រើម៉ូទ័រអគ្គិសនីពីរកម្លាំងផ្សេងគ្នា ដែលក្នុងនោះមានម៉ូទ័រមួយអាចផលិតកម្លាំងបាន 84kW ឬស្មើរនឹង 113 សេះ។

Kia EV2 ក៏នឹងមានជម្រើសម៉ូដែល Sporty GT ដែលបំពាក់ម៉ូទ័រអគ្គិសនីខាងមុខមួយផងដែរ។ តាមការរំពឹងទុក Kia EV2 នឹងចេញលក់ផ្លូវការណ៍ក្នុងឆ្នាំ 2026 ហើយតម្លៃវិញត្រូវបានគេព្យាករណ៍ថាអាចចាប់ពីខ្ទង់ជាង $35,000 ទៅ៕






