
នេះគឺជាគំរូឡានស្ព័រ Toyota GR GT ថ្មី ដែលទើបតែបានបង្ហាញខ្លួន ហើយធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ដោយសារ តែវាត្រូវបានផលិតឡើងបែប Bespoke ប្រើតួខ្លួនអាលុយមីញ៉ូមសុទ្ធ និង គ្រឿងគ្រូវជាច្រើនជា Carbon Fiber ទៀតផង។ក្រុមហ៊ុន Toyota បានអះអាងថា ឡានស្ព័ររបស់ខ្លួនមានទម្ងន់ត្រឹម 1,750 KG ប៉ុណ្ណោះ ហើយមានការបែងចែកទម្ងន់មុខទៅក្រោយ 45:55។ វាមានប្រវែងតួខ្លួន 4,82m ទទឹង 2.0m កម្ពស់ 1.19m និង គម្លាងពីកង់មុខទៅកង់ក្រោយ 2.72m។
Toyota GR GT ថ្មីនេះ ប្រើម៉ាស៊ីនសាំង ចំណុះ 4.0L Twin-turbo V8 ថ្មី ហើយដំណើរការដោយប៉ុងក្រោយ RWD និងអាចបង្កើតកម្លាំងបានសរុប 641 HP និង កម្លាំងរមួល 850 NM អនុញ្ញាតឲ្យវាអាចរត់ដល់ល្បឿន Top Speed 320 KM/H ឯណោះ។ បើនិយាយពីរូបរាងវិញ វាមានការឌីហ្សាញបែបទាប និងបំពាក់ចង្កៀងមុខកាច ហើយប្រើយ៉ាន់កង់ទំហំ 20 អ៊ីញ ជាមួយនឹងដុំហ្វ្រាំង Carbon Ceramic មុខក្រោយ និង ប្រព័ន្ធជើងក្រោមប្រភេទស្លាបប្រជៀវភ្លោះទាំង 4 តែម្តង។

ចំណែកឯកាប៊ីនខាងក្នុងវិញ GR GT មិនដូចឡាន Toyota ផ្សេងឡើយ ដោយមានបំពាក់ស្បែកក្រហមឆ្អិនឆ្អៅ និង Alcantara អមដោយកុងទ័រឌីជីថល មានការរចនាក្រាហ្វិច Unique, ដៃចង្កូត GR ថ្មី, Paddle Shifters និង អេក្រង់កម្សាន្តផ្នែកកណ្តាលធំ ផងដែរ។ យ៉ាងណាមិញ ក្រុមហ៊ុន Toyota បានអះអាងថា GR GT និង GR GT3 កំពុងស្ថិតក្រោមការអភិវឌ្ឍន៍នៅឡើយ ដូច្នេះព័ត៌មានលម្អិតបន្ថែមទៀត នឹងត្រូវបង្ហាញនៅពេលជិតចេញលក់ជាផ្លូវការ៕





