ក្រុមហ៊ុនផលិតឡានម៉ាឡេស៊ី Perodua ទើបតែបានប្រកាសចេញនូវឡានអគ្គិសនីដំបូងបង្អស់របស់ខ្លួន គឺ ម៉ូដែល QV-E ដែលមានតម្លៃត្រឹមតែខ្ទង់ $19,000 ប៉ុណ្ណោះ។ ឡានអគ្គិសនីមួយនេះ ប្រើម៉ូទ័រអគ្គិសនី 1 មានកម្លាំង 201 HP និង កម្លាំងរមួល 285 NM ដែលអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 7.5 វិនាទីប៉ុណ្ណោះ។ វាបំពាក់កញ្ចប់អាគុយរបស់ក្រុមហ៊ុនចិន CATL ទំហំ 52.5 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 445 KM (NEDC) ប៉ុន្តែកញ្ចប់អាគុយឡាននេះ មិនត្រូវបានដាក់ភ្ជាប់មកជាមួយឡានស្រាប់នោះទេ ពោលគឺម្ចាស់ត្រូវចំណាយលុយប្រហែល $67 ក្នុងមួយខែ សម្រាប់កុងត្រាជួលអាគុយរយៈពេល 9 ឆ្នាំ។

គួរឲ្យដឹងដែរថា ឡាន SUV អគ្គិសនីខ្នាតតូច QV-E នេះ មានប្រវែងតួខ្លួន 4.17m និង គម្លាងពីកង់មុខទៅកង់ក្រោយ 2.68m ហើយមានការឌីហ្សាញបែបទាន់សម័យ និងស្រស់ស្អាត ដែលមើលទៅស្រដៀងនឹងម៉ូដែល Toyota C-HR និង Nissan Juke ផងដែរ។ អ្វីដែលពិសេសនោះគឺ វាមានបំពាក់ Option ទំនើបៗច្រើន រួមទាំង អេក្រង់ភ្លោះ ទំហំ 10.25 អ៊ីញ ដែលមួយជាកុងទ័រ ឌីជីថល និងមួយទៀតជា អេក្រង់កម្សាន្ត Touchscreen ព្រមទាំងមានភ្លើងឌីម Ambient Lighting, ពោងសុវត្ថិភាព 6 គ្រាប់ និង មុខងារជំនួយការបើកបរ ADAS ជាច្រើន ទៀតផង។
យ៉ាងណាមិញ CEO ក្រុមហ៊ុន Perodua បានអះអាងថា ការជួលកញ្ចប់អាគុយឲ្យទៅម្ចាស់ឡានប្រើ គឺធានាបាននូវទំនុកចិត្តដល់អតិថិជនរបស់ខ្លួន និង កាត់បន្ថយភាពខ្វល់ខ្វាយនាៗ ក្នុងការប្រើប្រាស់ឡានអគ្គិសនី។ សូមបញ្ជាក់ថា ឡានអគ្គិសនី QV-E នេះ នឹងត្រូវផលិតក្នុងចំនួន 500 គ្រឿងក្នុងមួួយខែ មុនពេលបង្កើនចំនួនដល់ 3,000 គ្រឿង នៅក្នុងឆ្នាំ 2026 ខាងមុខ៕





