
យោងតាមប្រភពព័ត៌មានជាច្រើនបានចុះផ្សាយឲ្យដឹងថា ក្រុមហ៊ុន Ford Motor Company បាននឹងកំពុងចរចាជាមួយក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសចិន ដើម្បីបង្កើតភាពជាដៃគូ ក្នុងការផ្គត់ផ្គង់ថ្មសម្រាប់ម៉ូដែលរថយន្តកូនកាត់ (Plug-in-hybrid Vehicle) ស៊េរីថ្មីមួយចំនួនរបស់ខ្លួន។ តាមការចេញផ្សាយនៅលើគេហទំព័រកាសែត Wall Street Journal នៅថ្ងៃទី 15 ខែមករា ម្សិលមិញនេះថា ក្រុមហ៊ុនទាំងពីរកំពុងកំណត់លក្ខណៈស្តង់ដារជាក់លាក់នៃកិច្ចសហការដែលអាចកើតមានក្នុងពេលឆាប់ៗនេះ។
ជម្រើសមួយដែល Ford និង BYD កំពុងពិចារណារួមមានការដឹកជញ្ជូនកញ្ចប់ដែលផ្គត់ផ្គង់ដោយ BYD ទៅកាន់រោងចក្រផលិតរបស់ Ford នៅខាងក្រៅទឹកដីសហរដ្ឋអាមេរិក។ ហើយការចរចានៅតែបន្ត ទោះបីជាកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានបញ្ចប់នៅឡើយក្តី។ ម្យ៉ាងវិញទៀត ប្រសិនបើកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច ក្រុមហ៊ុន Ford នឹងទទួលបានសិទ្ធិចូលប្រើប្រាស់បច្ចេកវិទ្យាថ្មពីក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសចិនមួយនេះ (BYD) ដែលត្រូវបានគេស្គាល់ដោយសារគុណសម្បត្តិផ្នែកថ្លៃដើម និងសមត្ថភាពផលិតរបស់ខ្លួន។
ភាពជាដៃគូដែលមានសក្តានុពលរវាង Ford និង BYD គឺស្របនឹងការផ្តោតជាយុទ្ធសាស្ត្រដែលបានប្រកាសថ្មីៗនេះពីក្រុមហ៊ុន Ford ក្នុងការកាត់បន្ថយប្រតិបត្តិការលើការផលិតរថយន្តអគ្គិសនីសុទ្ធ ដោយក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះបាននឹងកំពុងផ្តោតសំខាន់ទៅលើការបង្កើនការវិនិយោគលើម៉ូដែលរថយន្តកូនកាត់ ឬ Plug-in-hybrid។ កាលពីខែធ្នូ ឆ្នាំ 2025 កន្លងទៅ Ford បានប្រកាសពីគម្រោងការរបស់ខ្លួនក្នុងការផ្លាស់ប្តូរ ពីការការផ្តោតទៅលើការផ្លាស់ប្តូរពីការផលិតរថយន្តអគ្គិសនីទាំងអស់ទៅជារថយន្តប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនកូនកាត់ (Hybrid) ដោយមានគោលដៅធ្វើឱ្យរថយន្ត Hybrid, Plug-in-hybrid និង all-electric vehicle កើនចំនួននៃការលក់ឲ្យបានប្រហែលជាពាក់កណ្តាលនៃការលក់រថយន្តសរុបទាំងអស់ទូទាំងពិភពលោករបស់ខ្លួននៅត្រឹមឆ្នាំ 2030។
បច្ចុប្បន្ន Ford បាននឹងកំពុងដោះស្រាយបញ្ហាប្រឈមនានាពីការធ្លាក់ចុះនៃតម្រូវការរថយន្តអគ្គិសនីរបស់ខ្លួន។ ដោយកាលពីខែធ្នូកន្លងទៅ Ford បានប្រកាសថាខ្លួននឹងកែសម្រួលយុទ្ធសាស្ត្ររបស់ខ្លួន ហើយរំពឹងថានឹងចំណាយអស់ខ្ទង់ 19,5 ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនទាក់ទងនឹងប្រតិបត្តិការរថយន្តអគ្គិសនីរបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះ Ford មានគម្រោងពង្រីកផលិតផលរថយន្តប្រើម៉ាស៊ីនសាំងរបស់ខ្លួន និងបង្កើនជម្រើសម៉ូដែល Plug-in-hybrid ដោយតម្រូវឱ្យមានថ្មបន្ថែមទៀតដែលសមស្របសម្រាប់ម៉ូដែល Plug-in-hybrid។ ការលក់រថយន្ត Plug-in-hybrid របស់ Ford បានបង្ហាញពីសន្ទុះកំណើនរួចហើយ ដោយការលក់នៅត្រីមាសទីបួនកាលពីឆ្នាំ 2025 មានការកើនឡើង 18% ធៀបនឹងឆ្នាំ 2024 ដោយលក់បានចំនួនប្រហែល 55,000 គ្រឿង។
សូមបញ្ជាក់ថា នេះក្នុងឆ្នាំ 2020, BYD ធ្លាប់បានធ្វើការផ្គត់ផ្គង់កញ្ចប់ថ្មទៅឲ្យក្រុមហ៊ុន Ford ក្នុងការផលិតរថយន្តរបស់ខ្លួនក្នុងប្រទេសចិន ដោយស្ថិតនៅក្រោមការបណ្តាក់ទុនវីយោគរួមគ្នារវាង Ford និងក្រុមហ៊ុនផលិតរថយន្តរដ្ឋចិន Changan។ ហើយជាច្រើនឆ្នាំក្រោយមក BYD បានធ្វើការចរចាជាមួយ Ford អំពីការផ្គត់ផ្គង់ថ្មសម្រាប់យានយន្តដែលលក់នៅក្នុងទីផ្សារផ្សេងទៀត មានដូចជា ម៉ូដែល Ford Bronco PHEV ដែលទើបចេញលក់ថ្មីៗនេះ គឺបានប្រើប្រាស់ថ្មរបស់ក្រុមហ៊ុន Findreams ដែលជាបុត្រសម្ព័ន្ធរបស់ BYD ផងដែរ។

BYD មិនត្រឹមតែជាក្រុយមហ៊ុនផលិតរថយន្តធំជាងគេក្នុងប្រទេសចិន និងពិភពលោកប៉ុណ្ណោះទេ ក្រុមហ៊ុននេះ ក៏ជាក្រុមហ៊ុនផលិតថ្មរថយន្តអគ្គិសនីដ៏មានសក្តានុពលបំផុតមួយនៅក្នុងប្រទេសចិនផងដែរ ហើយបច្ចុប្បន្ន BYD បាននឹងកំពុងពង្រីកសមត្ថភាពរបស់ខ្លួននៅក្នុងរោងចក្ររបស់ខ្លួន នៅក្រៅប្រទេស ដើម្បីពង្រីកទីផ្សារ ដែលក្នុងនោះមាននៅទូទាំងអាស៊ីអាគ្នេយ៍ អឺរ៉ុប និងប្រេស៊ីល។ ហើយបើតាមការស្រាវជ្រាវរបស់ Bernstein Research បានប៉ាន់ប្រមាណថា ការដឹកជញ្ជូនកញ្ចប់ថ្មរបស់ BYD បានកើនឡើង 47% កាលពីឆ្នាំមុន ដោយឈានដល់ទំហំ 286GWh៕





