no-alternative title
no-alternative title

Audi Q5L ជំនាន់ទីបីគាំទ្រប្រព័ន្ធ Huawei ADAS ចេញលក់នៅចិនក្នុងម្លៃចាប់ពីជាង 4 ម៉ឺនដុល្លារ

Audi Q5L ជារថយន្ត SUV ស៊េរីថ្មីមួយម៉ូដែលទៀតដែលត្រូវបានផលិតឡើងដោយសម្ព័ន្ធក្រុមហ៊ុនវិនិយោគទុនរួមគ្នារវាងសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តរដ្ឋចិន FAW និងក្រុមហ៊ុនផលិតរថយន្តប្រណិតអាល្លឺម៉ង Audi។ Audi Q5L ស៊េរីថ្មី ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅទីផ្សារប្រទេសចិនក្នុងតម្លៃខ្ទង់ $44,420។ Q5L បំពាក់មកជាមួយម៉ាស៊ីនស៊េរី EA888 Engine ជំនាន់ទី 5 ដែលមានសមត្ថិភាពអាចផលិតកម្លាំងបាន 200kW ឬ 268 សេះ។ រថយន្ត SUV ស៊េរីថ្មីនេះ ក៏មានបំពាក់នូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Huawei ADAS ជាមួយនឹងសែនស័រ LiDAR ចំនួនពីរគ្រាប់ ហើយក៏មានតួរខ្លួនវែងជាងម៉ូដែលទីផ្សារសកលប្រមាណ 125mm ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Audi Q5L ជំនាន់ទីបីរបស់ FAW-Audi ប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង Premium Platform Combustion (PPC) architecture ដែលមានតួរខ្លួនប្រវែង 4,842mm/ទទឹង 1,900mm/ កម្ពស់ 1,660mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,945mm។ ដែលធ្វើឲ្យម៉ូដែល China Version មានតួរខ្លួនវែងជាង 125mm ធៀបនឹង Global Version ហើយក៏វែងជា 72mm ធៀបនឹង Q5L ជំនាន់ទីពីរផងដែរ។ Audi Q5L  ជា SUV ដែលមាន 5-កៅអី។ ចំពោះទំហំយ៉ាន់កង់វិញ Audi Q5L ជំនាន់ទីបីនេះ ផ្តល់ជូននូវជម្រើសបីទំហំផ្សេងគ្នា គឺ 19-inch, 20-inch និង 21-inch។ Q5L ជំនាន់ថ្មីដែលចេញលក់នៅទីផ្សារប្រទេសចិនមានជម្រើសពណ៌ខ្មៅ ទឹកប្រាក់ បៃតង ស និងត្នោត។ ហើយចង្កៀងខាងមុខរបស់ Audi Q5L បានប្រើប្រាស់នូវប្រព័ន្ធភ្លើង High beam មាន 16 តំបន់ ខណៈបណ្តុំចង្កៀងក្រោយប្រើប្រាស់អំពូល LED ចំនួន 266 គ្រាប់។

ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ Audi Q5L ជំនាន់ថ្មី គាំទ្រដោយប្រព័ន្ធសែនស័រ LiDAR ពីរគ្រាប់របស់ក្រុមហ៊ុន Huawei ដែលដំណើរជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃ Huawei Advanced Driving System មានសមត្ថភាពខ្ពស់ក្នុងការវិភាគេរកទីតាំងកន្លែងចតស្វ័យប្រវត្តិ និងប្រព័ន្ធដំណើរការមុខងារជំនួយការបើកបរស្វ័យប្រវត្តិ Navigation on Autopilot ទាំងផ្លូវក្នុងក្រុង និងផ្លូវល្បឿនលឿន Highway ថែមទៀតផង។

 

ចូលមកកាប៊ីនខាងក្នុងរបស់ Audi Q5L មានបំពាក់អេក្រង់ចំនួនបីក្នុងនោះមានអេក្រង់បង្ហាញព័ត៌មានទំហំ 11.9-inch, អេក្រង់កម្សាន្តទំហំ 14.5-inch OLED touchscreen panel និងអេក្រង់ទំហំ 10.9-inch នៅខាងមុខអ្នករួមដំណើរកៅអីមុខ ក៏ដូចជាប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលខាងមុខ HUD ទំហំ 13.1-inch ផងដែរ។

Audi Q5L ក៏មានមុខងារកម្តៅកៅអី កន្លែងសាកថ្មស្មាតហ្វូនឥតខ្សែ ប្រព័ន្ធភ្លើង Ambient light និងប្រព័ន្ធ Speaker ម៉ាក Bang & Olufsen sound system ចំនួន 16 គ្រាប់ជាដើម។ Q5L ជំនាន់ថ្មីមានបំពាក់មកនូវម៉ាស៊ីនស៊េរី EA888 ជំនាន់ទី 5 ដែលមានទំហំ 2-liter មាន 4-ស៊ីឡាំង និងគាំទ្រដោយប្រព័ន្ធ turbocharged ជាមួយប្រព័ន្ធភ្លើង 48V belt starter generator។ Audi Q5L ម៉ូដែល Entry-Level មានកម្លាំង 201 សេះ និងកម្លាំងរមួល 340Nm ខណៈម៉ូដែល Top-Level មានកម្លាំង 268 សេះ និងកម្លាំងរមួល 400Nm។ រថយន្ត SUV ជំនាន់ថ្មីអាល្លឺម៉ងកាត់ចិនមួយនេះ ប្រើប្រាស់ប្រព័ន្ធប្រអប់លេខ 7DCT និងដំណើរការដោយប្រព័ន្ធបើកបរប៉ុងពីរ (AWD) រួមនឹងប្រព័ន្ធប៉ូមខ្យល់ Air Suspension  ផងដែរ។

តម្លៃរបស់ Audi Q5L Third-generation ចេញលក់ក្នុងទីផ្សារប្រទេសចិន៖

-Audi Q5L Hybrid Luxury មានតម្លៃ $44,420

-Audi Q5L Exclusive Millions Users មានតម្លៃ $47,720

-Audi Q5L Hybrid Premium មានតម្លៃ $52,020

-Audi Q5L Hybrid Flagship មានតម្លៃ $55,180៕

 

ព័ត៌មានពាណិជ្ជកម្ម