វាពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយលោក Jim Farley ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Ford Motor Company កាលពីពេលថ្មីៗនេះ បានបង្ហាញខ្លួននៅក្នុងកម្មវិធី Podcast មួយដែលមានឈ្មោះថា Everything Electric Show ដោយលោកបានលើកឡើងថា សម្រាប់រថយន្តដែលលោកបានបើកបរប្រចាំថ្ងៃក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ មិនមែនជារថយន្ត Ford នោះទេ ប៉ុន្តែ វាគឺជា Xiaomi SU7 ដែលជារថយន្តអគ្គិសនីមកពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន។ ហើយលោកក៏បានធ្វើការចែករំលែកនូវបទពិសោធន៍បន្ថែមរបស់គាត់ជាមួយការប្រើប្រាស់រថយន្ត Xiaomi SU7។
CEO រូបនេះបាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា "យើងបានជិះយន្តហោះមួយពី Shanghai ទៅ Chicago ហើយខ្ញុំបានបើកបរវាអស់រយៈពេលប្រាំមួយខែហើយ ហើយខ្ញុំមិនចង់បោះបង់វាឡើយ"។ "វាពិតជាអស្ចារ្យណាស់”។ គេលក់បាន 10,000,ទៅ 20,000 គ្រឿងក្នុងមួយខែ។ ហើយពួកគេត្រូវបានលក់អស់ក្នុងរយៈពេលប្រាំមួយខែ" លោក Farley បាននិយាយបន្ថែមទៀតថា ភាពជោគជ័យរបស់ Xiaomi ជាមួយនឹងរថយន្តអគ្គិសនីដំបូងម៉ូដែល SU7។ Xiaomi ដែលត្រូវបានគេស្គាល់ជា ក្រុមហ៊ុនដែលមានភាពលេចធ្លោនៅក្នុងផ្នែកស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិក បានប្រកាសចូលប្រឡូកក្នុងទីផ្សាររថយន្តអគ្គិសនីនៅឆ្នាំ 2021។
Xiaomi SU7 ជារថយន្តម៉ូដែលដំបូងរបស់ក្រុមហ៊ុនដែលបានចេញលក់នៅឆ្នាំនេះ ហើយវាជាប្រភេទរថយន្តអគ្គិសនី full-sized Sedan ដែលមានតម្លៃប្រកួតប្រជែងខ្ពស់ គឺប្រហែល $30,000។ ថ្វីបើមានតម្លៃសមរម្យក៏ដោយ ប៉ុន្តែ រថយន្តនេះមានលក្ខណៈពិសេសជាច្រើនដូចជា បំពាក់នូវប្រព័ន្ធ air suspension, adaptive dampers, និង active aero ដែលផ្តល់នូវបទពិសោធន៍ថ្មីដ៏រីការយ និងផាសុខភាពសម្រាប់ការបើកបរ។រថយន្តនេះ ក៏គាំទ្រនូវប្រព័ន្ធសុវត្ថិភាពបើកកម្រិត Level 2 និង NoA (navigate on autopilot) របស់ក្រុមហ៊ុន Xiaomi ដែលផ្តល់នូវភាពងាយស្រួលក្នុងការបើកបរ ទោះបីជាការ បញ្ជាក់របស់សមត្ថភាពរបស់ត្រូវបានកំណត់ត្រឹម 100 ទីក្រុងរបស់ប្រទេសចិនក៏ដោយ។
SU7 ដែលបានផលិតឆ្នាំ 2024 ទាំងអស់ត្រូវបានគេរាយការណ៍ថា បានលក់អស់នៅថ្ងៃដំបូង ដោយ Xiaomi អះអាងថា បានទទួលការកក់មុនចំនួន 100,000 គ្រឿង មុនពេលដែលរថយន្តផលិតក្នុងដំណាក់កាលដំបូងត្រូវបិទខ្សែសង្វាក់ផលិត។
យ៉ាងណាមិញសម្រាប់ការប្រើប្រាស់រថយន្តអគ្គិសនី Xiaomi SU7 ពីសំណាក់ CEO របស់ Ford Motor Company គឺជាចេតនាមួយដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែមអំពីដំណើរការរបស់រថយន្តអគ្គិសនី ដើម្បីគោលដៅក្នុងការកែលម្អអភិវឌ្ឍន៍ផលិតរថយន្តអគ្គិសនីរបស់ Ford នាពេលអនាគត។ បច្ចុប្បន្ន សម្រាប់ទីផ្សាររថយន្តអគ្គិសនីពិភពលោក ត្រូវបានគ្រប់គ្រងដំណែងដោយក្រុមហ៊ុន Build Your Dreams ឬ BYD របស់ប្រទេសចិន៕