
នេះគឺជា ឡាន Toyota Highlander ប្រភេទអគ្គិសនីសុទ្ធ ស៊េរីឆ្នាំ 2027 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារបរទេស។ ឡាន Toyota Highlander EV ថ្មីនេះ ផ្តល់ជម្រើសចំនួន 3 ប្រភេទគឺ ដែលទី 1 XLE បំពាក់អាគុយទំហំ 77 kWh អាចបើកបរបានចម្ងាយ 460 KM ប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (FWD) មានកម្លាំង 221 HP និង កម្លាំងរមួល 268 NM និង ទី 2 XLE AWD មានអាគុយ 2 ជម្រើស គឺ 77 kWh អាចបើកបរបានចម្ងាយ 430 KM និង 95.8 KWh អាចបើកបរបានចម្ងាយ 510 KM ហើយប្រើម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) មានកម្លាំង 338 HP និង កម្លាំងរមួល 437 NM
សម្រាប់ទី 3 Limited AWD បំពាក់អាគុយទំហំ 95.8 kWh អាចបើកបរបានចម្ងាយ 510 KM ប្រើម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) មានកម្លាំង 338 HP និង កម្លាំងរមួល 437 NM គ្រប់ម៉ូដែល Highlander EV ទាំងអស់ គាំទ្រការសាកភ្លើងល្បឿនលឿន ពី 10-80% ប្រើពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ ហើយមានមុខងារ Paddle Shifters Control Regenerative Braking ខណៈប្រភេទប៉ុង 2 មានបំពាក់ប្រព័ន្ធ Multi-Terrain Select និង Crawl Control សម្រាប់ការបើកបរនៅលើផ្លូវពិបាកៗ ផងដែរ។

បើនិយាយពីការឌីហ្សាញវិញ ឡាន Toyota Highlander EV ថ្មីនេះ ទទួលបានការអាប់ដេតថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងខាងក្នុង ជាពិសេសនោះគឺមានទំហំធំជាងមុន។ វាមានប្រវែងតួខ្លួនសរុប 5.04m ទទឹង 1.98m កម្ពស់ 1.70m និង គម្លាតពីកង់មុខទៅកង់ក្រោយ 3.05m ដែលជួយឲ្យកាប៊ីនខាងក្នុងកាន់តែធំទូលាយ។

អ្វីដែលរឹតតែពិសេសនោះគឺ Highlander EV មានកាប៊ីនខាងក្នុងកាន់តែទំនើប ជាមួយនឹងការបំពាក់អេក្រង់កម្សាន្ត ទំហំ 14 អ៉ីញ, កុងទ័រឌីជីថល ទំហំ 12.3 អ៉ីញ, ប្រព័ន្ធភ្លើងឌីម 64 ពណ៌, ដំបូលកញ្ចក់ធំ Panoramic, កន្លែងសាកថ្មទូរសព្ទឥតខ្សែ ក៏ដូចជា ការឌីហ្សាញកាន់តែទាន់សម័យ។ ចំណែកឯផ្នែកសុវត្ថិភាពវិញ វាបំពាក់ប្រព័ន្ធ Toyota Safety Sense 4.0 មកស្តង់ដារ តែម្តង ដោយក្នុងនោះរួមមានទាំង មុខងារហ្វ្រាំងអូតូ, មុខងារកំណត់ល្បឿនថេរអូតូ, មុខងារចាប់គន្លងផ្លូវ, មុខងារជំនួយពេលស្ទះចរាចរ ក៏ដូចជា ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ ផងដែរ៕





