no-alternative title
no-alternative title

Xiaomi YU7 ឈរនៅលំដាប់លេខ 1 ជាឡាន SUV អគ្គិសនីដែលលក់ដាច់បំផុតក្នុងខែមករា ឆ្នាំ 2026

YU7 ជាឡានអគ្គិសនី SUV ដំបូង និងជាម៉ូដែលទីពីររបស់ Xiaomi Auto បន្ទាប់ពី SU7 Sedan។ ឡានអគ្គិសនីប្រភេទ SUV ថ្មីនេះ ទទួលបានការចាប់អារម្ម និងគាំទ្រខ្លាំងចាប់តាំងពីការបង្ហាញខ្លួនរហូតដល់ការចេញលក់ផ្លូវការណ៍។ ហើយថ្មីៗនេះ Xiaomi YU7 បានឈរនៅលំដាប់លេខ 1 ប្រចាំខែមករា ជាឡានអគ្គិសនី SUV ដែលលក់ដាច់បំផុតក្នុងទីផ្សារប្រទេសចិន នេះបើតាមទិន្នន័យពីក្រុមហ៊ុន Xiaomi Group។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Xu Jieyun ជំនួយការពិសេសរបស់ប្រធានក្រុមហ៊ុន Xiaomi Group និងជាអនុប្រធានគ្រប់គ្រងទូទៅនៃនាយកដ្ឋានទីផ្សារយុទ្ធសាស្ត្រ បានចែករំលែកព័ត៌មាននេះនៅថ្ងៃទី 12 ខែកុម្ភៈ ដោយបញ្ជាក់ថា “នៅក្នុងខែមករា YU7 គឺលក់ដាច់ខ្លាំងបំផុត និងបានអរគុណចំពោះការគាំទ្ររបស់អតិថិជន”។ បើយោងតាមចំណាត់ថ្នាក់លក់រាយយានយន្តដឹកអ្នកដំណើរថ្នាក់ជាតិរបស់ប្រទេសចិន ដែលបានចេញផ្សាយដោយបណ្តាញសារព័ត៌មានក្នុងស្រុក “Autohome” បានបង្ហាញថា “Xiaomi YU7 បានឈរនៅលំដាប់កំពូលក្នុងបញ្ជីលក់ ដោយលក់បានចំនួន 37,869 គ្រឿងក្នុងខែមករា ដែលបានក្លាយជារថយន្តលក់ដាច់បំផុតនៅទីផ្សារក្នុងស្រុកសម្រាប់ខែនេះ”។

ក្នុងបញ្ចីលក់រថយន្តប្រចាំខែមករា ឆ្នាំ 2026 ក៏បានបង្ហាញផងដែរថា ម៉ូដែល Boyue L របស់ Geely បានឈរនៅលេខរៀងទីពីរ ដោយលក់បានចំនួន  34,176 គ្រឿង, ម៉ូដែល Geely Geome Xingyuan ស្ថិតនៅលំដាប់លេខបីដោយលក់បានចំនួន 29,007 គ្រឿង, Aito M7 របស់ Huawei ស្ថិតនៅលំដាប់លេខ 4 ដោយលក់បានចំនួន 26,454 គ្រឿង, Volkswagen Sagitar ស្ថិតនៅលំដាប់លេខរៀងទី 5 ដោយលក់បានចំនួន 25,316 គ្រឿង និងលេខ 6 បានទៅលើ Nissan Sylphy លក់បានចំនួន 24,209 គ្រឿង។

Xiaomi YU7 ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ឡានលក្ខណៈគ្រួសារដែលមានភាពទំនើប និងសន្សំសំចៃខ្ពស់។ ដោយចាប់តាំងពីការចេញលក់នៅក្នុងខែសីហា ឆ្នាំ 2025 ដល់ខែមករា ឆ្នាំ 2026 ការលក់របស់ YU7 មានការកើនឡើងជាបន្តបន្ទាប់ជាមួយចំនាត់ថ្នាក់ល្អ គឺពីចំនាត់ថ្នាក់ការលក់ពីលេខរៀងទី 23 ក្នុងខែសីហា ឡើងមកលេខរៀងទី 14 ក្នុងកញ្ញា និងលេខរៀងទី 5 និងទី 6 ក្នុងខែតុលា និងវិច្ឆិកា និងឈរនៅលេខរៀងទី 3 ក្នុងខែធ្នូ ហើយនៅលេខរៀងឈរមុខគេ គឺលេខមួយក្នុងតារាងការលក់ប្រចាំខែមករា ឆ្នាំ 2026។

បើតាមទិន្នន័យលក់កន្លងមកបានបង្ហាញថា Xiaomi YU7 លក់បានចំនួន  33,662 គ្រឿងក្នុងខែតុលា, ចំនួន 33,729 គ្រឿងក្នុងខែវិច្ឆិកា និងការលក់កើនដល់ចំនួន 39,089 គ្រឿងនៅខែធ្នូ ឆ្នាំ 2025។ ទោះជាក្នុងខែមករា ឆ្នាំ 2026, Xiaomi YU7 បានដណ្តើមបានចំនាត់ថ្នាក់លេខក្នុងការលក់ ប៉ុន្តែ ចំនួនលក់បានការថយចុះប្រមាណ 1,220 គ្រឿង ដោយលក់បានចំនួន 37,869 គ្រឿង ធៀបនឹងខែធ្នូដែលលក់បានជិត 40,000 គ្រឿង៕

 

ព័ត៌មានពាណិជ្ជកម្ម