
កង់អគ្គិសនីស៊េរីថ្មីរបស់ Xiaomi ម៉ូដែល Electric Scooter 6 Ultra បានបង្ហាញរូបរាងផ្លូវការណ៍ នៅមុនថ្ងៃដែលក្រុមហ៊ុនធ្វើការប្រកាសចេញផ្លូវការណ៍ដែលគ្រោងធ្វើឡើងនាថ្ងៃទី 28 ខែកុម្ភៈខាងមុខនេះ នៅទីក្រុងប៉ាសេឡូណា។ Electric Scooter 6 Ultra គឺជាម៉ូដែលកំពូលនៅក្នុងស្រឡាយកង់អគ្គិសនី Electric Scooter ជំនាន់ថ្មីរបស់ Xiaomi ដែលមានដូចជា ម៉ូដែល Standard 6, 6 Lite, 6 Pro និង 6 Max។
យោងតាមការបង្ហាញនៅលើគេហទំព័រសកលរបស់ក្រុមហ៊ុន Xiaomi បានបង្ហាញថា Electric Scooter 6 Ultra មានបំពាក់នូវម៉ូទ័រអគ្គិសនីមួយមានកម្លាំង 500W ជាមួយអនុភាពកម្លាំង peak power output ដល់ 1,200W។ ម៉ូទ័រកម្លាំង 500W របស់ 6 Ultra មានកម្លាំងរមួល 45Nm ដែលអាចបើកក្នុងល្បឿនលឿន Top speed បាន 25km/h។ ចំពោះថាមពលកញ្ចប់ថ្មវិញ គឺមានទំហំ 585kWh ដែលអាចជិះបានចម្ងាយ 75km នៅពេលសាកភ្លើងពេញម្តងអាស្រ័យទៅលើស្ថានភាពផ្លូវ ។
កង់អគ្គិសនី e-Scooter ជំនាន់ថ្មីនេះ នៅមានបំពាក់នូវប្រព័ន្ធ suspension system ទាំងកង់ខាងមុខ និងខាងក្រោយ, ប្រើប្រាស់សម្បកកង់ប្រភេទ tubeless all-terrain tires ខ្នាត 12-inch ជាមួយប្រព័ន្ធហ្វ្រាំងឌីសមុខក្រោយដែលមានភ្ជាប់នូវប្រព័ន្ធ E-ABS សម្រាប់ជួយទប់លំនឹងនៅពេលឈប់ផងដែរ។

បន្ថែមពីនេះ Xiaomi Electric Scooter 6 Ultra នៅមានបំពាក់ដោយប្រព័ន្ធការពារទឹកកម្រិត IPX6, អេក្រង់ TFT ទំហំ 3-inch សម្រាប់បង្ហាញទិន្នន័យជិះ ល្បឿន និងកម្រិតថាមពលថ្មជាដើម។ កង់អគ្គិសនី e-Scooter ជំនាន់ថ្មីម៉ូដែល Ultra របស់ Xiaomi នេះ មានទំងន់សរុប 33.7kg។ បើតាមរបាយការណ៍បានបញ្ជាក់ថា Xiaomi Electric Scooter 6 Ultra អាចនឹងមានតម្លៃខ្ទង់ €799.99 ឬ $942.31។ ទោះជាយ៉ាងណាសម្រាប់តម្លៃ និងលក្ខណៈសម្បត្តិលម្អិតផ្លូវការណ៍របស់កង់អគ្គិសនី e-Scooter ជំនាន់ថ្មីរបស់ Xiaomi នឹងត្រូវបង្ហាញផ្លូវការណ៍ក្នុងថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2026៕





