BYD គ្រោងបង្កើតរោងចក្រថ្មីសម្រាប់ការផលិតរថយន្តរបស់ខ្លួននៅតំបន់អឺរ៉ុបផ្ទាល់តែម្តង

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តដែលដើរដោយថាមពលអគ្គិនសីថ្មីដែលហៅថា New Energy Vehicles ឬ NEVs ដ៏ល្បីល្បាញរបស់ប្រទេសចិនបានប្រកាសពីផែនការរបស់ខ្លួនក្នុងការបង្កើតរោងចក្រផលិតរថយន្តដឹកអ្នកដំណើរនៅអឺរ៉ុប។ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងវាយតម្លៃលទ្ធភាពនៃគម្រោងការនេះ ហើយកំពុងស្វែងរកយ៉ាងសកម្មនូវទីតាំងសមរម្យសម្រាប់ការសាងសង និងការបំពាក់នូវបរិក្ខារផ្សេងៗនេះ។

យោងទៅលើពាក្យចចាមអារ៉ាមដែលត្រូវបានផ្សព្វផ្សាយថ្មីៗនេះថា BYD បាននឹងកំពុងចូលរួមក្នុងការពិភាក្សាជាមួយអាជ្ញាធរក្នុងប្រទេសបារាំង ដើម្បីស្នើរសុំលើគម្រោងក្នុងការបង្កើតរោងចក្រផលិតរថយន្តរបស់ខ្លួននៅក្នុងប្រទេសនេះ។ បើរបាយការណ៍នេះ គឺហាក់ស្របទៅតាមយុទ្ធសាស្ត្ររបស់ BYD ក្នុងការពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារអន្តរជាតិ ដោយសារម៉ូដែលរថយន្ត NEV (New Energy Vehicles) របស់ខ្លួនបាននឹងកំពុងបន្តទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗនៅលើទីផ្សារសកល។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កាលពីខែតុលាឆ្នាំទៅមិញ BYD បានចុះហត្ថលេខាជាមួយក្រុមហ៊ុនជួលរថយន្តអាល្លឺម៉ង់ឈ្មោះ Sixt ដែលនេះគឺជាយុទ្ធសាស្រ្តមួយដើម្បីចូលវាយឡុកនៅក្នុងទីផ្សារអឺរ៉ុបឲ្យបានកាន់តែខ្លាំង។ ហើយជាមួយគ្នានេះក្រុមហ៊ុន Sixt ក៏បានប្តេជ្ញាចិត្តក្នុងការទិញរថយន្តអគ្គិសនីដឹកអ្នកដំណើរចំនួន 100,000 គ្រឿងពី BYD គិតត្រឹមឆ្នាំ 2028 ដែលនេះវាបានបង្ហាញពីការកើនឡើងនៃតម្រូវការរថយន្ត NEVs នៅក្នុងតំបន់អឺរ៉ុប។

សម្រាប់កិច្ចខិតខំប្រឹងប្រែងពង្រីកម៉ាកយីហោរបស់ខ្លួនចូលទៅកាន់ទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុន BYD ក៏បានរួមបញ្ចូលផងដែរនូវការសាងសង់រោងចក្រផលិតរថយន្តដឹកអ្នកដំណើរក្រៅប្រទេសដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃ ដែលមានទីតាំងស្ថិតនៅខេត្តមាត់សមុទ្រ Rayong ហើយគ្រោងនឹងចាប់ផ្តើមផលិតកម្មរថយន្តនៅឆ្នាំ 2024 ជាមួយនឹងសមត្ថភាពក្នុងការផលិតប្រចាំឆ្នាំបានយ៉ាងហោចណាស់ក៏ 150,000 គ្រឿង។ រោងចក្រនេះនឹងបម្រើជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ផលិតកម្ម និងការលក់រថយន្តប្រភេទ NEVs របស់ BYD ហើយមិនត្រឹមតែនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្រទេសជិតខាងផ្សេងទៀតនៅក្នុងតំបន់អាស៊ានផងដែរ។

 

ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ឬ New Energy Vehicles ឈានមុខគេនៅក្នុងប្រទេសចិន BYD បានឃើញកំណើនដ៏គួរឱ្យចាប់អារម្មណ៍ក្នុងប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ។ ក្នុងរយៈពេល 4 ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនបានចែកចាយរថយន្តចំនួន 762,371 គ្រឿង ដែលឆ្លុះបញ្ចាំងពីការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំប្រមាណ 91.83 ភាគរយ។

ការបង្កើតសក្តានុពលនៃរោងចក្ររថយន្តដឹកអ្នកដំណើរនៅអឺរ៉ុបបង្ហាញពីការប្តេជ្ញាចិត្តរបស់ BYD ក្នុងការពង្រីកការបោះជំហានសកលរបស់ខ្លួន និងបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ NEVs ។ ជាមួយនឹងកំណត់ត្រាជោគជ័យ និងការកើនឡើងប្រជាប្រិយភាពរបស់ខ្លួន BYD មានទីតាំងល្អក្នុងការទាញយកទុនលើទីផ្សាររថយន្ត NEV នៅទីផ្សារអឺរ៉ុបដែលកំពុងរីកចម្រើន។ ហើយកាលពីពេលថ្មីៗនេះ BYD បានដាក់បង្ហាញរថយន្តជាច្រើនប្រភេទក្នុងពិព័រណ៍រថយន្តអន្តរជាតិនៅទីក្រុង Barcelona៕

 

ព័ត៌មានពាណិជ្ជកម្ម