នាព្រឹកថ្ងៃទី 10 ខែឧសភា ឆ្នាំ 2024 នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ មានរៀបចំនូវការតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ 2024 មានរយៈពល 3 ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី 10 ដល់ថ្ងៃទី 12 ខែឧសភា ឆ្នាំ 2024។
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ 2024 នេះគឺជាវេទិកាប្រមូលផ្តុំដោយអ្នកធុរកិច្ចទាំងក្នុង និងក្រៅប្រទេស ដើម្បីតាំងបង្ហាញទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុនខ្លួន បង្កើតឱកាសក្នុងការពិភាក្សា និងផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង បទពិសោធក្នុងវិស័យពាក់ព័ន្ធ ព្រមទាំងជាវេទិកាក្នុងការផ្គូរផ្គងធុរកិច្ច និងការចាប់ដៃគូពាណិជ្ជកម្មផងដែរ។
យោងតាមប្រសាសន៍របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអោយដឹងថា «ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ នឹងជួយជំរុញការផ្សព្វផ្សាយឱ្យសាធារណជន និងវិនិយោគិនទាំងក្នុងស្រុក និងអន្តរជាតិ បានយល់ដឹងកាន់តែច្បាស់អំពីសក្តានុពលនៃផលិតកម្ម ទំនិញ និងសេវាកម្មរបស់កម្ពុជា ក៏ដូចជាបង្ហាញពីកាលានុវត្តភាពនៃការចាប់ផ្តើមឱកាសធុរកិច្ចនៅកម្ពុជា និងការទាក់ទាញវិនិយោគលើវិស័យសំខាន់ៗ ជាពិសេស កសិ-ឧស្សាហកម្ម ដើម្បីកែច្នៃកសិផលក្នុងស្រុក និងបង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផលិតកម្មសម្រាប់បម្រើទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ, បង្កើតការងារជូនប្រជាពលរដ្ឋទូទៅ និងជួយទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិជារួម»។
លោក JONATHON CHUA អគ្គនាយកពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា 2024 បានថ្លែងថា ៖ ពិព័រណ៍នេះ នឹងក្លាយជាវេទិកាមួយដ៏សំខាន់សម្រាប់ម្ចាស់អាជីវកម្ម ធុរកិច្ចថ្មី វិនិយោគិនមកពីកម្ពុជា និងអន្តរជាតិជាង១៣០០នាក់បានជួបជុំគ្នា ស្វែងរកដៃគូពាណិជ្ជកម្ម ផ្គូរផ្គងអាជីវកម្ម និងបង្កើតទំនាក់ទំនង ព្រមទាំងបង្ហាញផលិតផល សេវាកម្ម ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការអាជីវកម្ម។
លោក JONATHON បានបន្ថែមថា ៖ ពិព័រណ៍ពាណិជ្ជកម្មនេះ គឺជាឱកាសសម្រាប់ម្ចាស់អាជីវកម្ម សហគ្រិនក្នុងប្រទេសកម្ពុជា និងពិភពលោកអាចរួបរួមគ្នា ដើម្បីចាប់យកឱកាសក្នុងការធ្វើបណ្តាញទំនាក់ទំនង និងចូលរួមក្នុងការផ្គូផ្គងអាជីវកម្ម និងសាងកេរ្ត៍ឈ្មោះដើម្បីការរីកចម្រើន រួមគ្នាដើរឆ្ពោះទៅអនាគតមួយដែលកម្ពុជាជះពន្លឺនៅលើឆាកអន្តរជាតិ។ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤ ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ។
មានប្រសាសន៍នៅក្នុងព្រឹត្តុការណ៌នោះដែរ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់អោយដឹងថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ 2024 បានកៀរគរអ្នកជំនួញអន្តរជាតិប្រមាណជាង 2500 នាក់ មកពីប្រទេសនានាចំនួន 16 ប្រទេស ចូលរួមស្វែងយល់ពីកាលានុវត្តភាព ក្នុងកិច្ចការធុរកិច្ច និងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនេះ គឺជាវេទិកាមួយបានបង្ហាញពីការរីកចម្រើន និងកាលានុវត្តភាពសេដ្ឋកិច្ចកម្ពុជា និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងបង្កើតបានជាឱកាសរួមមួយសម្រាប់អ្នកចូលរួមដើម្បីចងជាបណ្តាញជាមួយនឹងអ្នកធុរកិច្ច និងអ្នកពាក់ព័ន្ធសំខាន់ៗ ទាំងរដ្ឋ និងឯកជន ទទួលបាននូវបទពិសោធន៍ល្អៗ ថ្មីៗពីអ្នកជំនាញក្នុងសិក្ខាសាលា និងការតភ្ជាប់រវាងផលិតផល និងសេវាកម្ម, ការពង្រីកអាជីវកម្ម ស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយលើវិស័យធុរកិច្ចផងដែរ។
លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ៖ «ក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦ ៩១៣ លានដុល្លារ មានកំណើនប្រមាណជិត ១២% ការនាំចេញមានមានទំហំទឹកប្រាក់ប្រមាណ ៨ ប៊ីលានដុល្លារ កើនឡើងប្រមាណជិត ១២% ដែលការណ៍នេះ បានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជាដែលមានកំណើន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ»។
លោកជំទាវរដ្ឋមន្ត្រី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមឱ្យទៅជាឱកាសតាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា។
លោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងសូមស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកវិនិយោគ និងអ្នកធុរកិច្ចទាំងអស់ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា ព្រមទាំងបានបង្ហាញនូវក្ដីរំពឹងថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកធុរកិច្ច, វិស័យឯកជន និងប្រទេសកម្ពុជានូវ៖ (១). ឱកាសនៃការបង្ហាញផលិតផល សេវាកម្មរបស់កម្ពុជា និងបណ្តាប្រទេសចូលរួមទាំងអស់ (២). ការចាប់ដៃគូពាណិជ្ជកម្ម ស្វែងរកទីផ្សារសម្រាប់ផ្លាស់ប្តូរពាណិជ្ជកម្ម (៣). ជាវេទិកាសម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃការវិនិយោគនិងការធ្វើធុរកិច្ចនៅកម្ពុជា (៤).ផ្តល់នូវការស្វែងយល់ សិក្សាដកស្រង់បទពិសោធន៍ និង នវានុវត្តន៍ក្នុងន័យលើកកម្ពស់ គុណភាពទំនិញនិងសេវាកម្មដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ (៥). រួមគ្នាជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់និងបរិយាប័ន្ន ឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ៖ ការប្រមូលម្តុំធុរជនជុំវិញពិភពលោកនាថ្ងៃនេះ មិនត្រឹមតែជាអ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនេះទេ ប៉ុន្តែយើងទាំងអស់គ្នាជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យឯកជនដើម្បីជំរុញដល់សេដ្ឋកិច្ចជាតិ និងពិភពលោក។ ពិព័រណ៌នេះគឺជាកម្មវិធីប្រវត្តិសាស្ត្រដែលនឹងបង្ហាញអំពី ភាពច្នៃប្រឌិត ភាពទំនើបនិងទាន់សម័យ និងជាឱកាសដ៏អស្ចារ្យដែលអ្នកទាំងអស់អាចស្វែងយល់ពីធុរកិច្ចរវាងគ្នាទៅវិញទៅមួយ ដើម្បីអាចសិក្សាពង្រឹង ពង្រីក និងបង្កើតធុរកិច្ចរបស់ខ្លួនផងដែរ។អ្នកឧកញ៉ាបានឱ្យដឹងផងដែរថា៖ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាប្រមាណ 100 ក្រុមហ៊ុន បានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ។
លើសពីនេះទៅទៀត អ្នកឧកញ៉ា លឹម ហេង បានជម្រាបជូនថា តំណាងឱ្យវិស័យឯកជនមានយុទ្ធនាការក្រោមឈ្មោះវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនគឺជាវេទិកាមួយដែលចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជនរវាងរាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជាតំណាងដោយវិស័យឯកជន។ កន្លងមកសភាពាណិជ្ជកម្មកម្ពុជាបានចូលរួមដោះស្រាយបញ្ហាប្រឈមជាច្រើនដែលវិស័យឯកជនបានជួបប្រទះតាមរយៈវេទិកានេះយ៉ាងរលូន។ នេះគឺជាកត្តាដ៏មានសំខាន់មួយដែលវិនិយោគិនក៏ដូចជាធុរជនគួរតែចាប់យកកុំបីខាន់។ ប្រសិនបើវិនិយោគិនក៏ដូចជាធុរជនទាំងក្នុងស្រុក និងក្រៅស្រុកជួបប្រទះបញ្ហានានាដែលទាក់ទិនទៅនឹងធុរកិច្ចរបស់ខ្លួនសូមកុំភ្លេចសភាពាណិជ្ជកម្មកម្ពុជា យើងនឹងជួយដោះស្រាយតាមរយៈយុន្ធការដូចបានជម្រាបជូនខាងលើ។
អ្នកឧកញ៉ាអនុប្រធានបានលើកចិត្តដល់ សមាជិក-សមាជិកា សភាពាណិជ្ជកម្មតំណាងអោយវិស័យឯកជនទាំងអស់គ្នាព្យាយាមបង្កើតទំនាក់ទំនងជាមួយវិនិយោគិនក៏ដូចជាធុរជនដែលបានចូលរួមនាថ្ងៃនេះអោយបានផុសផុលឈានដល់ការសហការវិនិយោគរួមគ្នាណាមួយដែលនឹងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។
គួរជម្រាបផងដែរថា ៖ នៅក្នុងកម្មវិធីនេះ បណ្ឌិត John C Maxwell ដែលជាប្រធានក្រុមហ៊ុនចំនួន៣នៅសហរដ្ឋអាមេរិក និងជាបុគ្គលដ៏ល្បីល្បាញខាងជំនាញបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការអភិវឌ្ឍផ្នត់គំនិត និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីឈ្មោះ ក៏បានចែករំលែកលើប្រធានបទ «អំណាចនៃភាពជាអ្នកដឹកនាំ»៕