នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានជូនដំណឹងថា ស្មាតហ្វូន Galaxy S8 និង Galaxy S8+ ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅទឹកដីសហរដ្ឋអាមេរិច ហើយស្មាតហ្វូនស៊េរីថ្មីទាំង 2 ម៉ូដែលនេះមានសន្ទុះនៃការកម្មង់ទិញមុន (Pre-orders) ខ្លាំងចាប់ពីចុងខែមីនាមកម្ល៉េះ។ ដូចគ្នាទៅនឹងប្រទេសកូរ៉េខាងត្បូងដែរ ការកម្មង់ទិញមុនស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង Galaxy S8+ បានវ៉ាដាច់ការកម្មង់ទិញមុនស្មាតហ្វូនត្រកូល Galaxy S7 ។ ក្រុមហ៊ុន Samsung មើលឃើញពីសន្ទុះនៃកំណើនតួរលេខនៃការកម្មង់ទិញមុនកើនឡើងខ្លាំងបើទោះបីជាស្មាតហ្វូន Galaxy S8 និង Galaxy S8+ មានតម្លៃថ្លៃខ្ពស់ជាងស្មាតហ្វូនជំនាន់មុនទៀតក៏ដោយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្រុមហ៊ុន Samsung និយាយថា អតិថិជនមួយភាគធំនៅសហរដ្ឋអាមេរិចសម្រេចចិត្តជ្រើសរើសយកស្មាតហ្វូន Galaxy S8+ អេក្រង់ទំហំ 6.2 អ៊ីងច្រើនជាង Galaxy S8 អេក្រង់ 5.8 អ៊ីង។ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះគឺថា ពណ៌ខ្មៅ (Midnight Black) កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិច ខណៈពេលដែលពណ៌ប្រផេះ (Orchid Gray) និងពណ៌ទឹកប្រាក់ (Arctic Silver) មានការពេញនិយមតិចជាង។
នៅក្នុងខណៈពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់បង្ហាញអំពីតួរលេខនៃការកម្មង់ទិញមុនស្មាតហ្វូនទាំង 2 ម៉ូដែលនេះនៅឡើយទេ ប៉ុន្តែយើងពិតជាអាចដឹងអំពីចំនួននៃការកម្មង់ទិញមុននេះនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ មុនពេលដែលស្មាតហ្វូន Galaxy S8 និង Galaxy S8+ ប្រកាសលក់ជាផ្លូវការ។ អ្វីដែលច្បាស់នៅក្នុងពេលនេះគឺថា វត្តមានរបស់ស្មាតហ្វូនត្រកូល Galaxy S8 បានធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនគ្រប់ទីកន្លែងនៅលើពិភពលោកពេញចិត្ត និងចាប់អារម្មណ៍ខ្លាំងទៅលើវា។ តើលោកអ្នកភ្ញាក់ផ្អើលជាមួយនឹងបច្ចេកវិទ្យាថ្មីដ៏អស្ចារ្យនៅលើស្មាតហ្វូនត្រកូល Galaxy S8 ដែរឬទេ?