ក្រុមហ៊ុន LG បានចេញលិខិតអញ្ជើញបណ្តាអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនានាដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពិសេសរបស់ខ្លួនដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 26 ខែ កុម្ភះ ក្នុងទីក្រុងបាសេឡូណាគឺមុនមួយថ្ងៃនៃព្រឹត្តិការណ៍តាំង ពិពណ៌ផលិតបច្ចេកវិទ្យាដ៏ធំប្រចាំឆ្នាំដែលហៅកាត់ថា MWC 2017។ នៅលើលិខិតអញ្ជើញនោះ LG បានភ្ជាប់នៅពាក្យស្លោកថា “ See More, Play More” ដែលពាក្យនេះត្រូវបានក្រុមហ៊ុនប្រើនៅជំនាន់ស្មាតហ្វូន LG G5 កន្លងមក ដូច្នេះគេអាចសន្និដ្ឋានបានថាវត្តមានកំពូលស្មាតហ្វូនបន្តវេនពី G5 គឺ G6 ច្បាស់ណាស់នឹងបង្ហាញវត្តមាននៅថ្ងៃនោះជាក់ជាមិនខាន។ ជាងនេះទៅទៀតមានព័ត៌មានលេចលឺមកថាក្រៅតែពីការប្រកាសចេញនូវវត្តមានកំពូស្មាតហ្វូន LG G6 ហើយក្រុមហ៊ុន LG ក៏នឹងប្រកាសចេញនាឡិកាដៃឆ្លាតវៃជំនាន់ថ្មីពីរស៊េរីថែមទៀតផងដែរ។

នាឡិកាឆ្លាតវៃទាំងពីរស៊េរីដែលនឹងបង្ហាញវត្តមានស្របពេលជាមួយ LG G6 គឺមិនទាន់ដឹងព័ត៌មានច្បាស់នៅឡើយទេអំពីពួកវា ប៉ុន្តែកាលពីពេលថ្មីៗនេះពួកវាមានឆ្លងកាត់ស្ថាប័នត្រួតពិនិត្យគុណភាពផលិត និងប្រព័ន្ធសុវត្តិភាពដែលហៅកាត់ថា FCC របស់អាមេរិករួចហើយ។ ងាកមកព័ត៌មានចចាមអារ៉ាមទាក់ទងនឹងកំពូលស្មាតហ្វូន LG G6 ដែលតែងតែលេចលឺនាពេលកន្លងមកថា ស្មាតហ្វូនមួយនេះត្រូវបានក្រុមហ៊ុន LG សម្រិតសម្រាំងផលិតឡើងយ៉ាងពិសេសដោយពង្រឹងផ្នែករឹង និងប្រព័ន្ធផ្នែកទន់ឲ្យកាន់តែខ្លាំងជាងជំនាន់ G5, V10 និង V20។

ស្មាតហ្វូនមួយនេះនឹងពង្រីកទំហំអេក្រង់រហូតដល់ទៅ 5.7” កម្រិត Quad-HD+ ជាមួយគំលាត aspect ratio 18:9 មានគែមអេក្រង់កាន់តែស្តើងតូចបំផុត និងមានកម្រិតដង់ស៊ីតេភាពច្បាស់លើផ្ទៃកញ្ចក់ 564ppi។ LG G6 នឹងប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 835 ជាមួយរ៉េមទំហំ 6GB, ប្រើប្រាស់បច្ចេកវិទ្យាសាកថ្មឥត ខ្សែ (Wireless Charging), បច្ចេកវិទ្យាការពារជ្រាបទឹក និងធូលី (Water proof), បង្កើនសមត្ថភាព កាមេរ៉ាភ្លោះ, ដំណើរការដោយ Android ជំនាន់ចុងក្រោយបំផុត និងប្រើអ៊ីនធើហ្វេសកំនែប្រែចុងក្រោយរបស់ក្រុមហ៊ុនផ្ទាល់។ ទាំងអស់នេះគ្រាន់តែជាព័ត៌មានជាបឋមដែលបានលេចលឺនាពេលកន្លងមកតែប៉ុណ្ណោះមិនទាន់អាចយកជាការណ៍បាននៅឡើយទេ ដូចនេះមានតែចាំជូបគ្នានៅថ្ងៃទី 26 ខែកុម្ភះ 2017 នេះទើបអ្វីៗត្រូវបានបកស្រាយជាផ្លូវការណ៍៕





