នៅក្នុងព្រឹតិ្តការណ៍ IFA2018 ដែលប្រារព្ធធ្វើឡើងក្នុងទីក្រុងបែកឡាំងប្រទេសអាល្លឺម៉ងក្រុមហ៊ុន Nubia ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏មានប្រជាប្រិយភាពមួយរបស់ប្រទេសចិនបានបង្ហាញនូវគំនិតច្នៃប្រឌិតទៅលើទូរស័ព្ទស្មាតហ្វូនក្នុងពេលអនាគតរបស់ខ្លួនដែលអាចពាក់លើកដៃបានដូចជានាឡិកាអីចឹង។ គំរូស្មាតហ្វូនថ្ងៃអនាគតនោះគឺមានឈ្មោះថា Nubia Alpha ដែលជាស្មាតហ្វូនអាចពាក់នឹងកដៃបានជំនូសអោយការដាក់ក្នុងហោប៉ៅខោ។
នេះជាលើកដំបូងហើយដែល Nubia បានបង្ហាញចេញនូវគំរូអនាគតស្មាតហ្វូនមួយនេះក្នុងព្រឹត្តិការណ៍ IFA2018 ប៉ុន្តែវាហាក់ដូចជាមិនសូវជាទទួលបានការចាប់អារម្មណ៍ប៉ុន្មាននោះទេ ហើយក៏គ្មាននរណាម្នាក់សាកល្បងក្នុងការពាក់វានៅលើកដៃដែរនេះប្រហែលជាគេគិតថាស្មាតហ្វូននេះអាចនឹងមិនត្រូវបានបង្ហាញវត្តមានពិតប្រាកដលើទីផ្សារនោះឡើងនៅថ្ងៃខាងមុខ។ ប៉ុន្តែបើតាមការបញ្ជាក់ក្រុមហ៊ុន Nubia បានអោយដឹងថាក្រុមហ៊ុនមានគម្រោងក្នុងការដាក់បង្ហាញចេញស្មាតហ្វូននេះនៅជិតដំណាច់ឆ្នាំនេះ។ ប៉ុន្តែ Nubia មិនបានបង្ហើបពីគុណសម្បត្តិដែលទូរស័ព្ទនេះមាននោះទេ។
បើមើលតាមរូបភាពគំរូស្មាតហ្វូននេះ នឹងប្រើប្រាស់អេក្រង់ប្រភេទ Vivid OLED Display ដែលអាចបត់ពាក់បានជុំវិញករដៃ និងមានកាមេរ៉ាមុខមួយគ្រាប់សម្រាប់ថតរូប និងប្រើវីដេអូខល។ Nubia Alpha អាចនឹងប្រើប្រាស់ស៊ីមកាតប្រភេទ eSIM និងមានថ្មកំលាំង 500mAh ដែលអាចកំដរការប្រើប្រាស់បានជិតមួយថ្ងៃ។ វាមិនមែនជារឿងថ្មីនោះទេយើងដឹងហើយថាក្រុមហ៊ុន Lenovo ក៏ធ្លាប់បានបង្ហាញពីគំរូស្មាតហ្វូនដែលអាចកាច់បត់ពាក់នៅលើកដៃរួចហើយដែរកាលពីឆ្នាំកន្លងទៅប៉ុន្តែមកទល់នឹងពេលនេះគំរូស្មាតហ្វូននេះមិនទាន់ផលិតចេញជារូបរាងផ្លូវការណ៍សម្រាប់ដាក់លក់លើទីផ្សារនៅឡើយទេ។ ចឹងចាំមើលតើ Lenovo ឬ Nubia ដែលអាចធ្វើសម្រេចបានសម្រាប់ស្មាតហ្វូនកូនកាត់នាឡិកដៃមួយនេះ៕