នៅពេលដែលកំពូលស្មាតហ្វូន Samsung Galaxy S9 និង S9+ ត្រូវបានក្រុមហ៊ុន Samsung ប្រកាសចេញដំបូងពួកនោះ ស្មាតហ្វូននេះគឺមានតែម៉ូដែល 64GB តែប៉ុណ្ណោះ ហើយប្រសិនបើលោកអ្នកចង់បានទំហំផ្ទុកក្នុងម៉ាស៊ីនធំជាងនេះ គឺមានតែធ្វើការបញ្ជាទិញពីទីផ្សារប្រទេសចិនតែប៉ុណ្ណោះ ដែលមានលក់ម៉ូដែលទំហំ 128GB សម្រាប់ម៉ូដែល Galaxy S9 និង 128GB/256GB សម្រាប់ម៉ូដែល Galaxy S9+។
ចាប់ផ្តើមពីថ្ងៃនេះទៅ អតិថិជនទាំងអស់ក្នុងទីផ្សារសហរដ្ឋអាមេរិក នឹងលែងមានការលំបាកតទៅទៀតហើយ ដោយសារតែឥលូវនេះ Samsung បានប្រកាសចេញ Galaxy S9 និង S9+ ម៉ូដែលថ្មីដែលមានទំហំ 128GB និង 256GB ជាផ្លូវការដែរហើយ្តែត្រូវចាយលុយច្រើនជាងមុនបន្តិចផងដែរ។ សម្រាប់ម៉ូដែលថ្មីទាំងនេះគឺ Galaxy S9 ទំហំ 128GB មានតម្លៃ $770 និង 256GB មានតម្លៃ $820។ ដោយឡែកសម្រាប់ម៉ូដែល Galaxy S9+ ទំហំ 128GB មានតម្លៃ $890 និង 256GB មានតម្លៃ $920។
តម្លៃនេះគឺធូរថ្លៃជាងតម្លៃ ដែលបានចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិន។ កំពូលស្មាតហ្វូនម៉ូដែលថ្មីទាំងពីរនាក់បងប្អូននេះ នឹងមានដាក់លក់ផ្លូវការណ៍នៅលើបណ្តាញ samsung.com ហើយការបើកអោយកម្ម៉ង់មុនគឺចាប់ផ្តើមពីថ្ងៃទី 01 ដល់ថ្ងៃទី17 ខែឧសភានេះ។ អតិថិជនដែលបានកម្ម៉ង់មុន នឹងទទួលបានការបន្ថែមជូននូវកាសស៊េរី 2018 Gear Icon ឬក៏អាចទិញនាឡិកាដៃ Gear S3 Frontier ក្នុងតម្លៃតែ $99 តែប៉ុណ្ណោះ ហើយ អតិថិជនអាចជ្រើសរើសនូវពណ៌ដែលខ្លួនស្រឡាញ់បានតាមចិត្តព្រោះ Galaxy S9 និង S9+ ម៉ូដែលថ្មីនេះមានគ្រប់ពណ៌ទាំងអស់៕ សូមជំរាបថា ការផ្តល់ជូននេះ គឺមិនបានរាប់បញ្ចូលទីផ្សារប្រទេសកម្ពុជានោះទេ។