យោងទៅលើរបាយការណ៍ស្រាវជ្រារបស់ Digitimes បានអោយដឹងថាការនាំចេញឧបករណ៍ថេបប្លែតទៅកាន់ទីផ្សារសកលត្រូវបានគេមើលឃើញថានឹងមានការកើនឡើងប្រហែល 19.3% នៅត្រីមាសទី 3 នាឆ្នាំ 2019 នេះបន្ទាប់ពីមានការធ្លាក់ចុះប្រហែល 8.7% កាលពីត្រីមាសទី 1 និងមានការធ្លាក់ចុះប្រហែល 11.9% ពីមួយឆ្នាំទៅមួយឆ្នាំ។
កត្តាសំខាន់ពីរដែលជម្រុញអោយការចេញលក់ឧបករណ៍ថេបប្លែតនឹងមានការកើនឡើងក្នុងត្រីមានទី 3 នេះ។ ដោយកត្តាទីមួយ គឺថាវាជារដូវកាលដ៏ពិសេសបំផុតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ក្នុងការប្រកាសចេញ iPad ជំនាន់ថ្មីរបស់ខ្លួនដែលជាផ្នែកមួយធ្វើអោយការនាំចេញនឹងមានការកើនឡើង រីឯកត្តាទីពីរគឺក្រុមហ៊ុន Huawei ផ្ទាល់ដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយនេះត្រូវបានរំពឹងថានឹងនូវតែអាចបន្តធ្វើការនាំចេញឧបករណ៍របស់ខ្លួនទៅកាន់ទីផ្សារទូទាំងពិភពលោកជាធម្មតាក្នុងកំឡុងពេលនេះ។
នៅកំឡុងត្រីមាសទី 2 ទីផ្សារនាំចេញឧបករណ៍ថេបប្លែតមានការថយចុះខ្លាំងដោយសារតែគ្មានវត្តមាន iPad ជំនាន់ថ្មីរបស់ Apple និងការហាមប្រាមរបស់អាមេរិកចំពោះការចរាចរលក់ផលិតរបស់ក្រុមហ៊ុន Huawei។ ត្រីមាសទី 2 ក្រុមហ៊ុន Apple បាននាំមុខគេឈរនៅកំពូលតារាងក្នុងទីផ្សារថេបប្លែតខណះក្រុមហ៊ុន Samsung ឈរនៅលេខរៀងទី 2, Amazon ឈរនៅលេខរៀងទី 3, Huawei ឈរនៅលេខរៀងទី 4 និង Lenovo បានមកឈរនៅលេខរៀងទី 5។ ទោះជាយ៉ាងណាក៏ដោយអ្វីៗនឹងមានការប្រែប្រួលបន្តិចបន្តួចនៅត្រីមាសទី3 នេះ។ ដោយក្នុងនោះក្រុមហ៊ុន Apple និង Samsung ត្រួវបានគេព្យាករណ៍ថានឹងនៅតែឈរនៅកំពូលតារាងដដែលខណៈដែលក្រុមហ៊ុន Lenovo នឹងឡើងមកឈរនៅលំដាប់ទី 3, Amazon អាចនឹងធ្លាក់មកចំណាត់ថ្នាក់លេខ 4 និង Huawei នឹងធ្លាក់មកនៅចំណាត់ថ្នាក់ទី 5 វិញ។
ប្រភពដដែលបានអោយដឹងទៀតថាឧបករណ៍ថេបប្លេតដែលមានអេក្រង់ទំហំ 10 អ៊ីញឡើងត្រូវបានគេរំពឹងថានឹងបន្តគ្របដណ្តប់លើទីផ្សារដោយនឹងក្តោបក្តាប់ចំណែកទីផ្សារនាំចេញជាង 70%។ ដូចគ្នានេះផងដែរបច្ចេកវិទ្យាអេក្រង់ in-cell-touch display នឹងនូវតែបន្តជំនួស Glass Film-Film touchscreen (GFF) ហើយនឹងកាន់កាប់ទីផ្សារប្រហែល 36% នៃការដឹកជញ្ជូនចេញសរុប៕