លោក Ren Zhengfei ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Huawei Technologies បាននិយាយថា ចាប់ពីនេះទៅ នឹងរឹតតែពិបាក សម្រាប់សហរដ្ឋអាមេរិកនៅក្នុងការដកនូវការដាក់ទណ្ឌកម្មជាច្រើនចេញពីក្រុមហ៊ុន Huawei។ ប៉ុន្តែលោកនៅតែសង្ឃឹមថា រដ្ឋបាលថ្មីរបស់លោក Biden នឹងនាំយកនូវគោលនយោបាយបើកចំហរ។
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពី Reuters បានបញ្ជាក់ថា នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បាននិយាយថា គាត់មានក្តីសង្ឃឹមថា ប្រធានាធិបតីថ្មីលោក Joe Biden នឹងរក្សានូវផលប្រយោជន៍អាជីវកម្មរបស់សហរដ្ឋអាមេរិក នៅក្នុងពេលដែលបង្កើតនូវគោលនយោបាយថ្មីនោះ។ ស្ថាបនិករូបនេះ ជឿជាក់ថា វាអាចជួយដល់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់នូវក្រុមហ៊ុនជាច្រើនរបស់ចិននោះ។ ទោះបីជាខ្លួនត្រូវប្រឈមមុខទៅនឹងប្រតិបត្តិការលំបាកនៅក្នុងអាជីវកម្មស្មាតហ្វូនក៏ដោយនោះ ក្រុមហ៊ុន Huawei នៅតែមើលឃើញការកើនឡើងទៅលើប្រាក់ចំណេញដែលមានការកើនឡើងពីឆ្នាំមុននេះ។
លោក Ren Zhengfei បានបន្ថែមថា “យើងមានក្តីសង្ឃឹមថា រដ្ឋបាលថ្មីនេះ នឹងមានគោលនយោបាយបើកចំហរសម្រាប់ផលប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក និងការអភិវឌ្ឍទៅលើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។” បន្ថែមពីនេះទៀតនោះ គាត់និយាយថា គាត់រីករាយនឹងស្វាគមន៍នូវការខលទូរស័ព្ទជាមួយនឹងលោក Biden។ គួរបញ្ជាក់ថា លោក Donald Trump ដែលជាប្រធានាធិបតីអាណត្តិមុន បានដាក់ក្រុមហ៊ុន Huawei នៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកដោយសារតែ រដ្ឋាភិបាលសហព័ន្ធមួយនេះ មានការព្រួយបារម្ភអំពីសន្តិសុខជាតិ៕