នៅពេលនេះ បើនិយាយពីស្មាតហ្វូនកម្រិតថវិកាក្នុងគ្រួសារ Samsung Galaxy A Series គឺត្រូវបានគេមើលឃើញថា មានទីផ្សារលក់ល្អបំផុត។កាលពីថ្ងៃម្សិលមិញនេះ Samsung ទើបតែបានបញ្ចេញសមាជិកគ្រួសារ Galaxy A Series ជំនាន់ថ្មីពីរម៉ូដែលទៀត គឺ Galaxy A13 និង A23 ដែលជាម៉ូដែល 4G។ យ៉ាងណាមិញ Samsung ក៏បាន បញ្ចេញម៉ូដែល Galaxy A13 5G និងA23 5G រួចហើយកាលពីអំឡុងខែធ្នូ ឆ្នាំ 2021។
Samsung Galaxy A23 4G គឺជាជំនាន់ថ្មីបន្ទាប់ពី Galaxy A22ដែលកំពុងមានវត្តមានចេញលក់លើទីផ្សារ បច្ចុប្បន្ន។ ប៉ុន្តែសម្រាប់ម៉ូដែល ជំនាន់ថ្មីនេះឃើញថាមានចំនុចកែប្រែខ្លះៗពីជំនាន់ Galaxy A22 បន្តិចដោយ ក្នុងនោះ Galaxy A23 4G ត្រូវបាន ក្រុមហ៊ុនបំពាក់មកជាមួយបន្ទះអេក្រង់ឆកដំណក់ទឹកមានទំហំធំជាងមុន ឡើងដល់ 6.6 អ៊ីង ប៉ុន្តែជាប្រភេទបន្ទះអេក្រង់ LCD មិនមែន AMOLED ដូចជំនាន់មុននោះទេ។ បន្ទះអេក្រង់ ស្មាតហ្វូនជំនាន់ថ្មីនេះគាំទ្រកម្រិតបង្ហាញ FHD+ (1080x2408px) ជាមួយកម្រិតល្បឿន refresh rate 60Hz ព្រមទាំងមានស្រោបការពារដោយកញ្ចក់ការពារ Gorilla Glass 5 ថែមទៀតផង។
Samsung Galaxy A23 បានដំឡើងមកជាមួយកាមេរ៉ាខាងក្រោយ 4 គ្រាប់ទំហំឡើងដល់ 50MP (f/1.8) ប៉ុន្តែ បានទន្លាក់សែនស័រ Ultra-wide ពីទំហំ 8MP មកនៅត្រឹម 5MP រួមនឹងសែនស័រ Depth និង Macro ទំហំ 2MP ដូចគ្នា។ ចំនែកាមេរ៉ាសែលហ្វីស្ថិតក្នុងឆកដំណក់ទឹកវិញ គឺមានទំហំ 8MP។ យ៉ាងណាមិញ Samsung មិនបាន បង្ហាញពីស៊េរីបន្ទះឈីបដែលប្រើនៅលើ Galaxy A23 នោះទេ។
ស្មាតហ្វូនជំនាន់ថ្មីនេះមានជម្រើសរ៉េមទំហំ 4GB & 6GB ដល់ 8GB ជាមួយម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ដល់ 128GB ហើយក៏អាចដាក់បន្ថែមទំហំផ្ទុកបានជាមួយ microSD ផងដែរ។ Samsung Galaxy A23 (4G) មានថ្មទំហំធំដល់ 5,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើង ល្បឿនលឿនកំលាំង 25W។ ស្មាតហ្វូនជំនាន់ថ្មីនេះប្រតិបត្តិការជាមួយ Android 12 និងស្រោបដោយស្បែក មុខកម្មវិធី One UI4.1។
ចូលមកម៉ូដែល Samsung Galaxy A13 (4G) វិញត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយអេក្រង់ឆកដំណក់ទឹកទំហំ 6.6 អ៊ីញ LCD កម្រិត Full-HD+ (1080x2408px) ខ្នាត 20:9 ratio ជាមួយល្បឿន 60Hz បើធៀបនឹងម៉ូដែល Galaxy A13 (5G) ដែល ចេញកាលពីអំឡុងខែធ្នូឆ្នាំ 2021 មានអេក្រង់ទំហំ 6.5 អ៊ីញ កម្រិត HD+ ជាមួយល្បឿន 90Hz។ ហើយបន្ទះអេក្រង់របស់ Galaxy A13 (4G) ក៏មានស្រោបការពារដោយកញ្ចក់ Corning Gorilla Glass 5 ថែមទៀតផង។ ស្មាតហ្វូនកម្រិតថវិកាជំនាន់ ថ្មីនេះមានកម្រាស់ 8.8mm និងទំងន់ 195 ក្រាម។
Samsung Galaxy A13 (4G) មានកាមេរ៉ាសែលហ្វីទំហំ 8MP និងកាមេរ៉ាក្រោយទំហំ 50MP Main (f/1.8) + 5MP Ultra-wide + 2MP Macro និង 2MP Depth Sensor។ សមត្ថភាពកាមេរ៉ាមុខ និងក្រោយរបស់ Samsung Galaxy A13 អាចផលិតសាច់ វីដេអូបានកម្រិត 1080px ដូចគ្នា។
ស្មាតហ្វូនជំនាន់ថ្មីនេះដំណើរការលើបន្ទះឈីប Samsung Exynos 850 ភ្ជាប់ដោយអង្គក្រាហ្វិច Mali-G52 MP1 មាន ជម្រើសរ៉េមទំហំ 3GB & 4GB ដល់ 6GB ព្រមទាំងមានជម្រើសម៉េមូរីក្នុងម៉ាស៊ីនទំហំចាប់ពី 32GB & 64GB ដល់ 128GB។ Galaxy A13 (4G) មានភ្ជាប់មកជាមួយថ្មទំហំ 5,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿន លឿនកំលាំង 25W តាមរយះ រន្ធចម្លង USB-C, មានរន្ធដោតកាសខ្នាត 3.5mm និងដំណើរការដោយ Android 12 ជាមួយ One UI4.1 ចេញពីប្រអប់ផងដែរ។
ក្រុមហ៊ុន Samsung នៅប្រទេសហូឡង់ បានបើកឲ្យធ្វើការបញ្ជាទិញបានសម្រាប់ម៉ូដែល Galaxy A13 (4G) ដែលមានពីរជម្រើស គឺ 4GB RAM+ 64GB Memory មានតម្លៃខ្ទង់ 190 អឺរ៉ូ ឬប្រហែលជាង 207 ដុល្លារអាមេរិក និងម៉ូដែល 4GB RAM+ 128GB Memory មានតម្លៃខ្ទង់ 210 អឺរ៉ូ ឬប្រហែលជាង 229 ដុល្លារអាមេរិក៕