
កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន OnePlus ម៉ូដែល OnePlus 10 Pro នៅមិនទាន់បានប្រកាសចេញផ្លូវការណ៍នៅលើទីផ្សារសកលនៅឡើយទេ ដោយបច្ចុប្បន្នកំពូលស្មាតហ្វូនជំនាន់ថ្មីមួយនេះត្រូវបានក្រុមហ៊ុនបើកឲ្យធ្វើការបញ្ជាទិញមុនសម្រាប់ទីផ្សារអាមរិកប៉ុណ្ណោះ។ ដោយឡែកក្នុងពេលនេះនៅមុខថ្ងៃប្រកាសចេញលក់នៅលើទីផ្សារសកលដែលត្រូវធ្វើឡើងនាចុងខែមិនា ថ្ងៃទី 31 ខាងមុខនេះ OnePlus 10 Pro ត្រូវបានគេប្រទះឃើញបង្ហាញវត្តមាននៅក្នុងបញ្ចីលក់នៅលើវ៉ិបសាយរបស់ក្រុមហ៊ុនចែកចាយបន្តក្នុងប្រទេសអាល្លឺម៉ង់ រួមនឹងបញ្ជាក់ពីតម្លៃថែមទៀតផង។
MediaMarkt គឺជាហាងលក់រាយរបស់ប្រទេសអាល្លឺម៉ងដែលបានចុះបញ្ចីលក់កំពូលស្មាតហ្វូន OnePlus 10 Pro នៅលើគេហទំព័ររបស់ខ្លួន។ កំពូលស្មាតហ្វូនជំនាន់ថ្មីមួយនេះត្រូវបាន MediaMarkt ចុះបញ្ចីលក់នៅគេហទំព័រហាងជាមួយតម្លៃខ្ទង់ 899 អឺរ៉ូ ឬប្រហែល 988 ដុល្លារអាមេរិកសម្រាប់ម៉ូដែលរ៉េម 8GB និងម៉េមូរី 128GB ដែលជាតម្លៃប្រហាក់ប្រហែលគ្នានឹងតម្លៃនៃការប្រកាសចេញលក់ដំបូងនៅក្នុងទីផ្សារប្រទេស ចិន។

យ៉ាងណាមិញ ក្រុមហ៊ុន OnePlus ផ្ទាល់មិនទាន់បានបង្ហាញតម្លៃសម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនសម្រាប់ការចេញលក់នៅលើទីផ្សារសកលនៅឡើយទេ។ នៅលើគេហទំព័រ MediaMarkt គឺបានដាក់លក់ Onelus 10 Pro ពណ៌ខ្មៅ ឬ Volcanic Black ទោះយ៉ាងណាគេក៏រំពឹងថា នឹងមាននូវម៉ូដែលពណ៌បៃតង Green Shade ផងដែរ។ OnePlus 10 Pro ដែលបានបង្ហាញវត្តមានដំបូងនៅប្រទេសចិន គឺមានបំពាក់នូវបន្ទះអេក្រង់ LTPO-AMOLED 1Hz-120Hz ទំហំ 6.7 អ៊ីញជាមួយកម្រិតបង្ហាញ Quad-HD+ និងស្រោបការពារពីលើដោយកញ្ចក់ Gorilla Glass Victus។

កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ បំពាក់មកជាមួយកំពូលឈីប Snapdragon 8 Gen1 ភ្ជាប់ដោយរ៉េម LPDDR5ទំហំ 8GB និង 12GB ជាមួយម៉េមូរីធំបំផុតដល់ 256GB UFS3.1។ សម្រាប់ប្រព័ន្ធកាមេរ៉ាវិញគឺបំពាក់នូវកញ្ចប់លែនរបស់ក្រុមហ៊ុន Hasselblad ដែលមានសែនស័រមេទំហំ 48MP Sony IMX789 រួមជាមួយសែនស័រ Ultra-wide ទំហំ 50MP និង Telephoto ទំហំ 8MP រួមនឹងសែនស័រសែលហ្វីទំហំ 32MP ជាលែនទំលុះអេក្រង់។ OnePlus 10 Pro មានថ្មទំហំធំដល់ 5,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 80W SuperVOOC Wired Charging និង 50W AirVOOC Wireless Charging រួមនឹងដំណើរការដោយប្រតិបត្តិការ Android 12 ចេញពីប្រអប់តែម្តង៕





