ដូចអ្វីដែលបានរំពឹងទុកក្រុមហ៊ុនផលិតបន្ទះឈីបស្មាតហ្វូន Android ឈានមុខគេក្នុងពិភពលោក Qualcomm បានប្រកាសចេញកំពូលឈីបនាគរាជជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការណ៍ហើយនៅក្នុងព្រឹត្តិការ Snapdragon Tech Summit កាលពីរាត្រីម្សិលមិញនេះ។ កំពូលឈីបជំនាន់ថ្មីនេះមានឈ្មោះផ្លូវការណ៍ថា Snapdragon 8 Gen1 ដែលមិនមែន Snapdragon 898 នោះទេ។
បើតាមការបង្ហាញពី Qualcomm បន្ទះឈីបនាគរាជជំនាន់ថ្មីឈ្មោះថ្មីរបស់ខ្លួនត្រូវបានផលិតឡើងដោយផ្តោតទៅលើ 6 ចំនុចសំខាន់ៗ ក្នុងនោះ គឺការពង្រឹងទៅលើប្រព័ន្ធសេវា 5G, ប្រព័ន្ធកាមេរ៉ាថតរូប, បច្ចេកវិទ្យាឆ្លាតវៃ AI, Gaming, audio និងប្រព័ន្ធសុវត្ថិភាព Security។ Snapdragon 8 Gen 1 គឺជាឈីបស្មាតហ្វូន Android ទីពីរបន្ទាប់ពី MedaiTek Dimensity 9000 ដែលផលិតឡើងតាមស្តង់ដារថ្មីខ្នាត 4nm របស់ក្រុមហ៊ុន TSMC ជំនួសឲ្យស្តង់ដារខ្នាត 5nm នៅលើជំនាន់ Snapdragon 888 បច្ចុប្បន្ន។
និយាយពីសមត្ថភាពវិញ Snapdragon 8 Gen1 គឺជាឈីបកំពូលដំបូងរបស់ Qualcomm ដែលប្រើអង្គ CPU ជំនាន់ថ្មីចុងក្រោយរបស់ ARM ស៊េរី v9 architecture ដែលមានអង្គគណនាចំនួន 8-core ដែលចែកចេញជា Single-core ប្រើជា Primary-core រត់លើប្រព័ន្ធ Cortex-X2 មានល្បឿន 3.0GHz, Triple-core ដែលជា Performance-core រត់លើប្រព័ន្ធ Cortex-A710 មានល្បឿន 2.5GHz រួមជាមួយ Quad-core ដែលជា Efficiency-core រត់លើប្រព័ន្ធ Cortex-A510 ល្បឿន 1.8GHz។ បើតាមការអះអាងពី Qualcomm បន្ទះឈីប Snapdragon 8 Gen1 មានល្បឿនប្រតិបត្តិការលឿងជាងជំនាន់មុន 20% និងប្រើថាមពលតិចជាងមុន 30% ។ ចំនែកអង្គ GPU វិញ គឺមានល្បឿន graphic rendering លឿនជាងមុន 30% និងប្រើថាមពលតិចជាង 25%។
កំពូលឈីបនាគជំនាន់ថ្មីនេះបានភ្ជាប់មកជាមួយប្រព័ន្ធរូបភាពថ្មីសម្រាប់កាមេរ៉ាស្មាតហ្វូន ដោយវាមានភ្ជាប់មកជាមួយប្រព័ន្ធ 18-bit ISP ជាមួយការបង្កើននូវកម្រិត dynamic range, កម្រិតពណ៌ និងល្បឿនដំណើរការបានប្រសើរជាងមុន។ បន្ថែមពីនេះ វាមានសមត្ថភាពថតវីដេអូបានកម្រិត 8K HDR រួមជាមួយប្រព័ន្ធ Bokeh Engine ដែលអនុញ្ញាតិឲ្យថតវីដេអូព្រាលផ្ទៃជាមួយមុខងារ Portrait Mode Style បានថែមទៀតផង។ ជាមួយគ្នានេះ Snapdragon 8 Gen1 ក៏គាំទ្រមុខងារ Always-On ISP ដែលអាចឲ្យអ្នកប្រើដោះសោរសុវត្ថិភាពស្មាតហ្វូនបានដោយការស្កែនផ្ទៃមុខទោះបីជាកម្រិតថាមពលថ្មស្ថិតនៅក្នុងកម្រិតភាគរយទាបបំផុតក៏ដោយ។
សម្រាប់មុខងារពិសេសៗដែល Snapdragon 8 Gen 1 អាចគាំទ្របានផ្សេងទៀតមានដូចជា ភ្ជាប់នូវម៉ូឌឹមសេវា 5G Snapdragon X65 ជំនាន់ទី 4 គាំទ្រនូវបច្ចេកវិទ្យាសេវា mmWave និង Sub-6GHz ជាមួយប្រព័ន្ធបច្ចេកវិទ្យា 3GPP Release 16 និង FastConnect 6900 Mobile Connectivity System, Wi-Fi 6/6E, Bluetooth LE Audio រួមនឹងបច្ចេកវិទ្យាសំឡេង Snapdragon Sound Technology ដែលអាចដំណើរការជាមួយប្រព័ន្ធសំឡេង AptX Lossless wireless audio។ ទៅលើផ្នែកប្រព័ន្ធសុវត្ថិភាពវិញ Snapdragon 8 Gen 1 មានភ្ជាប់នូវប្រព័ន្ធ Trust Management Engine, Android Ready SE, Digital Car Key, Driver’s licenses, IDs, និង e-money wallets ជាដើម។
ជាងនេះទៅទៀត Snapdragon 8 Gen 1 ក៏មានភ្ជាប់នូវបច្ចេកវិទ្យាស៊ីមអឡិចត្រូនិចថ្មីហៅថា “iSIM” សម្រាប់ភ្ជាប់ប្រព័ន្ធសេវាដោយផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធថែមទៀតផង។ បន្ថែមពីនេះនៅលើ Snapdragon 8 Gen1 នៅមានភ្ជាប់នូវប្រព័ន្ធ Hexagon Processor ដែលជំនាន់ចុងក្រោយរបស់ Qualcomm រួមជាមួយបច្ចេកវិទ្យា AI Engine ជំនាន់ទី 7 ដោយក្រុមហ៊ុនបានអះអាងថាមានប្រសិទ្ធិភាពដំណើរការខ្លាំងជាងជំនាន់មុន 4 ដង និងសន្សំសំចៃថាមពលថ្មបានប្រសើរជាងមុន 1.7 ដង។
ជាមួយបន្ទះឈីបកំពូលជំនាន់ថ្មីនេះ Qualcomm បានបញ្ជាក់ថា នឹងមានប្រើនូវលើស្មាតហ្វូនកំពូលៗជំនាន់ថ្មីនៅចុងឆ្នាំ 2021 នេះ ក្នុងនោះក្រុមហ៊ុនក៏បានបង្ហាញបញ្ចីឈ្មោះក្រុមហ៊ុនផលិតស្មាតហ្វូនដែលនឹងប្រើបន្ទះឈីប Snapdragon 8 Gen1 របស់ខ្លួនផងដែរ ក្នុងនោះមានដូចជា Black Shark, Honor, iQOO, Motorola, Nubia, OnePlus, OPPO, Realme, Redmi, SHARP, Sony Corporation, Vivo, Xiaomi, និង ZTE៕