យោងតាមការទម្លាយថ្មីៗនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Google នឹងមានការប្រកាសចេញជាផ្លូវការណ៌ឆាប់ៗនេះហើយ។ សម្រាប់ស្មាតហ្វូន Pixel 7a ដែលជាសមាជិកនៅក្នុងនោះ គឺត្រូវបានគេបញ្ជាក់ច្បាស់លាស់ថា នឹងមានការបង្ហាញខ្លួននៅចន្លោះខែមេសា ឬខែឧសភាខាងមុខនេះ ដែលពេលនោះ គឺជាវេទិកាប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះជួបជុំគ្នាជាមួយនិងអ្នកអភិវឌ្ឍកម្មវិធីរបស់ខ្លួន ឬហៅថា Annual Developer conference called I/O ដែលស្ថិតក្នុងខែឧសភា។
ស្មាតហ្វូនថ្មីនេះ ត្រូវបានគេទម្លាយនូវព័ត៌មានជាច្រើនរួចមកហើយបើគិតមកទល់នឹងពេលនេះ ហើយសម្រាប់ថ្ងៃនេះ ក្រុមហ៊ុននេះ ក៏បានទម្លាយចេញនូវវីដេអូព្រាលៗមួយ ដែលបង្ហាញពីការកាន់ប៉ះផ្ទាល់ទៅលើស្មាតហ្វូននេះផងដែរ ដែលវីដេអូនេះ គឺមានប្រភពមកពីប្រទេសវៀតណាម ដោយសារតែនៅក្នុងនោះ គឺមានការបញ្ជាក់ពីភាសាវៀតណាម។ សូមជំរាបថា ស្មាតហ្វូន Pixel 7a ត្រូវបានគេទម្លាយចេញនូវរូបភាព Render កាលពីខែវិច្ឆិកាកន្លងទៅ ដែលការឌីស្សាញរូបរាង និងផ្នែកខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះ គឺមានលក្ខណៈប្រហាក់ប្រហែលគ្នាជាមួយនិងសស្មាតហ្វូន Pixel 7 និង Pixel 7 Pro អញ្ចឹងដែរ។ សម្រាប់ផ្នែកខាងមុខវិញ គឺមានភាពខុសគ្នាបន្តិច ដោយសារតែគែមអេក្រង់ និងស៊ុមជុំវិញ មានកម្រ៉ាស់ក្រាស់។
វីដេអូខាងលើនេះ បានបន្តថា ស្មាតហ្វូន Pixel 7a នឹងមានការប្រើប្រាស់អេក្រង់ល្បឿន 90Hz ហើយនិងមានបញ្ជាក់នៅលើ Settings ផងដែរ។ ជាមួយគ្នានេះក៏មានការបង្ហាញថា ស្មាតហ្វូននេះប្រើប្រាស់ស៊ីមកាត Dual-SIM ថែមទៀតផង។ គួរបញ្ជាក់ផងដែរថា បើផ្អែកលើការលេចធ្លាយកន្លងមក គឺបាននិយាយថា Pixel 7a នឹងមានអេក្រង់កម្រិត FHD+ screen មានកាមេរ៉ាភ្លោះ dual rear cameras និងមានការបំពាក់នូវ wireless charging support (5W) រួមជាមួយនិងបច្ចេកវិទ្យាស្កែនម្រាមដៃលើអេក្រង់ផងដែរ។