
យោងតាមប្រភពថ្មីមួយនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាចល័តបាន នាពេលថ្មីៗនេះ ទម្លាយថា Foxconn ដែលជាក្រុមហ៊ុនធំមួយ និងជាអ្នកដែលផ្គត់ផ្គង់ធំជាងសម្រាប់ក្រុមហ៊ុន Apple ប្រកាសចាប់ផ្តើមនូវសង្វាក់ផលិតកម្មរបស់ខ្លួនទៅលើស្មាតហ្វូនម៉ូដែលថ្មី iPhone 15 ក្នុងរោងចក្ររបស់ខ្លួននៅប្រទេសឥណ្ឌាហើយ។ ប្រភពខាលើនេះបន្តថា ការសម្រេចចិត្តនក្នុងការចាប់ផ្តើមសង្វាក់ផលិតកម្មថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាសដំណើរការផលិតនៅប្រទេសចិន។
សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានមូលដ្ឋាននៅ Cupertino នេះ ក៏បានចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើស្មាតហ្វូនជំនាន់ថ្មី iPhones នៅក្នុងរោងចក្រប្រទេសឥណ្ឌានេះដូចគ្នា គឺធ្វើឡើងបន្ទាប់ពីការប្រកាសពីដំណើរការផលិតនៅក្នុងប្រទេសចិនបានមួយខែ។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Apple មានបំណងចង់ផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ដោយងាកមកធ្វើការបន្ថយនូវគំលាតសម្រាប់ប្រទេសទាំងពីរ។ គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុន Apple បានផលិត iPhone 14 series នៅឥណ្ឌា មានចំនួន 7% ដូច្នេះសម្រាប់ iPhone 15 ត្រូវព្យាករណ៌ថា នឹងមានការកើនឡើង។

បើទោះបីជា មានការរំពឹងថាស កើនឡើងបែបនេះក៏ដោយ ក្រុមហ៊ុន Foxconn ក៏នៅមិនទាន់ថា អាចដំណើរការបានរលូននោះទេ ដោយសារតែរោងចក្រនេះ ត្រូវការសមាសធាតុដែលត្រូវនាំចូលពីប្រទេសផ្សេង ដែលរួមទាំងប្រទេសចិនផងដែរ។ ដូច្នេះ សង្វាក់ផលិតកម្មនៅប្រទេសឥណ្ឌា នៅតែត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ពង្រឹងទៅលើដំណើរការនៃការផលិត iPhone។ ជាមួយគ្នានេះ មានរបាយការណ៌ថា ក្រុមហ៊ុន Pegatron និង Wistron បានលក់រោងចក្ររបស់ខ្លួនអោយទៅក្រុមហ៊ុន Tata Group នៅប្រទេសឥណ្ឌាហើយ ដូច្នេះ ក្រុមហ៊ុនថ្មីនេះ ក៏អាចនឹងចាប់ផ្តើមផលិត iPhone 15 ឆាប់ៗនេះហើយ។





