គ្រួសារ iPhone ជំនាន់់ថ្មីឆ្នាំ 2023 នឹងមកដល់ផ្លូវការណ៍នៅថ្ងៃទី 12 ខែកញ្ញា សប្តាហ៍ក្រោយនេះហើយ។ យ៉ាងណាមិញ មុននឹងការបង្ហាញវត្តមានផ្លូវការណ៍មកដល់យើងមកស្វែងយល់ជាបឋមទាក់ទងនឹងប្រព័ន្ធកាមេរ៉ារបស់បងប្អូនស្មាតហ្វូន iOS ជំនាន់ថ្មីឆ្នាំ 2023 ទាំងអស់គ្នា។
ជាការពិតណាស់ Apple បានធ្វើការ Upgraded ដ៏ធំជាលើកដំបូងក្នុងប្រវត្តិសាស្ត្រទូរស័ព្ទ iOS របស់ខ្លួនទៅលើប្រព័ន្ធកាមេរ៉ារបស់ iPhone 14 Pro និង 14 Pro Max ដែលចេញកាលពីឆ្នាំទៅមិញជាមួយនឹងសែនស័រថ្មីទំហំ 48MP ជំនួសឲ្យ 12MP ដែលបានប្រើជាច្រើនជំនាន់មកហើយ។ ដោយឡែកសម្រាប់សែនស័រថ្មីទំហំ 48MP នេះ ត្រូវបានប្រភពជាច្រើនបានធ្វើការព្យាករណ៍ថា នឹងមានដាក់ឲ្យប្រើនៅលើ iPhone 15 ដែលចេញនៅឆ្នាំនេះ ទាំងគ្រប់ម៉ូដែលតែម្តង។ បើតាមការចេញផ្សាយថ្មីៗចុងក្រោយនេះនៅលើបណ្តាញសារព័ត៌មាន MacRummor បានបញ្ជាក់ថា Apple នឹងបំពាក់សែនស័រទំហំ 48MP នៅលើ iPhone 15 Series ទាំងអស់ក្នុងឆ្នាំនេះ ប៉ុន្តែ នៅលើម៉ូដែល iPhone 15 Pro Max នឹងទទួលបានសែនស័រពិសេសថ្មីផ្សេងមួយទៀតនោះ គឺសែនស័រ Periscope Telephoto ហើយក៏ជា iPhone ដំបូងផងដែរ ដែលមានបំពាក់សែនស័រមួយនេះ។
សម្រាប់ម៉ូដែល iPhone 15 និង iPhone 15 Plus នឹងទទួលបានការបំពាក់សែនស័រកាមេរ៉ាពីរគ្រាប់ដូចមុនដដែល គ្រាន់តែកើនទំហំសែនស័រគោកឡើងដល់ 48MP មាន aperture f/1.6 រួមជាមួយទំហំ 12MP Ultrawide (f/2.4)។ ហើយការទទួលបានសែនស័រថ្មីទំហំ 48MP គឺនឹងធ្វើឲ្យការផលិតរូបភាពចេញពីកាមេរ៉ារបស់ iPhone 15 និង iPhone 15 Plus ទទួលបានគុណភាពរូបភាពខ្ពស់ជាងមុនជាមួយការបង្កើនកម្រិតភាពលំអិតនៃរូបភាពកាន់តែប្រសើរជាងធៀបនឹងសែនស័រ 12MP ដែលប្រើនៅលើ iPhone 14 និង 14 Plus ឆ្នាំមុន។ ទោះជាយ៉ាងណាសែនស័រទំហំ 48MP ដែលនឹងប្រើនៅលើ iPhone 15 និង 15 Plus ឆ្នាំនេះ អាចជាសែនស័រថ្មីផ្សេងមួយទៀតរបស់ Sony ដោយមិនមែនជាសែនស័រ Sony IMX803 ដែលប្រើនៅលើ iPhone 14 Pro Series ឆ្នាំមុននោះទេ។
ដោយឡែកសម្រាប់ប្រព័ន្ធកាមេរ៉ារបស់ iPhone 15 Pro វិញត្រូវបានប្រភពមួយចំនួននិយាយថា អាចនឹងបន្តប្រើសែនស័រ Sony IMX-803 ដែលប្រើនៅលើ iPhone 14 Pro បច្ចុប្បន្ន។ ជាមួយគ្នានេះក៏មានរបាយការណ៍ផ្សេងទៀតបាននិយាយថា iPhone 15 Pro និង iPhone 15 Pro Max នឹងប្រើសែនស័រថ្មីរបស់ Sony ស៊េរី IMX-903។ ជាមួយគ្នានេះ Apple ត្រូវបានគេដឹងថា មានការបង្កើនផលិតភាពទៅលើសែនស័រ Ultrawide និង Telephoto នៅលើ iPhone 15 Pro និង 15 Pro Max ផងដែរ ដើម្បីធ្វើឲ្យសែនស័រទាំងពីរនេះមានសមត្ថភាពកាន់តែខ្ពស់ក្នុងការផលិតគុណភាពរូបភាព និងភាពលម្អិតនៃរូបភាពបានកាន់តែខ្ពស់ជាងមុន។ ប្រព័ន្ធកាមេរ៉ារបស់ iPhone 15 Pro និង 15 Pro Max នឹងដំឡើងមកជាមួយសែនស័រគោលទំហំ 48MP (F/1.78)+ 12.7MP Ultrawide (F/2.8)+ 13.4MP Telephoto (F/2.2) ហើយសែនស័រ Telephoto នៅលើ iPhone 15 Pro Max នឹងគាំទ្របច្ចេកវិទ្យា Periscope ដែលមានសមត្ថភាព 5x-6x Optical-zoom និង 10x Digital-zoom ផងដែរ ធៀបនឹង Telephoto នៅលើ iPhone 14 Pro Max ដែលមានលទ្ធភាពអាចធ្វើបានត្រឹម 3x Optical-Zoom ប៉ុណ្ណោះ។
ទោះជាយ៉ាងណាទាំងនេះ គ្រាន់តែលក្ខណៈសម្បត្តិបឋមនៃសមត្ថភាពប្រព័ន្ធកាមេរ៉ារបស់ iPhone 15 Series តែប៉ុណ្ណោះ ហើយយើងនឹងបានដឹងលម្អិតនៅពេលដែលការបង្ហាញវត្តមានមកដល់នៅថ្ងៃទី 12 កញ្ញា សប្តាហ៍ក្រោយនេះ ដូចនេះ សូមរងចាំតាមដានទាំងអស់គ្នានៅលើគេហទំព័រ www.eworldmagz.com របស់យើងខ្ញុំ៕