ស្មាតហ្វូន Redmi គ្រោងនឹងបង្ហាញនូវស្មាតហ្វូន Redmi Note 13 Series សម្រាប់ទីផ្សារសកលនៅថ្ងៃទី 4 ខែមករាខាងមុខនេះនៅក្នុងប្រទេសឥណ្ឌា ហើយវានឹងក្លាយជាទីផ្សារនៅក្រៅប្រទេសចិនមុនគេដែលទទួលបាននូវស្មាតហ្វូន Note 13 នេះ។ក្រៅពីការត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូន Note 13 Series នៅក្នុងទីផ្សារសកលនោះ អ្នកទម្លាយរបស់ចិននេះក៏អះអាងថា ក្រុមហ៊ុននេះត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Note 14 Series នៅក្នុងទីផ្សារក្នុងស្រុកផងដែរ។
របាយការណ៍នាពេលថ្មីៗនេះទម្លាយថា ក្រុមហ៊ុន Realme មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន Realme 12 series នៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះ។ ស្មាតហ្វូន Realme 12 នេះនឹងមានច្រើនម៉ូដែលក្នុងការជ្រើសរើស ប៉ុន្តែលក្ខណៈសម្បត្តិជាច្រើនមិនទាន់បានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់វានៅឡើយទេ។ របាយការណ៍ខាងលើនេះ ក៏បានទម្លាយអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូន Realme 12 Pro Series នេះផងដែរ។
ស្មាតហ្វូន Realme 12 Pro និង 12 Pro+ ត្រូវបានគេរំពឹងថា នឹងមានបន្ទះឈីប Snapdragon 7 Gen 3។ សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Realme 12 Pro នេះ គឺមានការបំពាក់នូវកាមេរ៉ាទំហំ 32-Megapixel Sony IMX709 Telephoto និងមានការគាំទ្រជាមួយនឹងមុខងារហ៊្សូម 2x Optical Zoom ផងដែរ។ សម្រាប់ស្មាតហ្វូន Realme 12 Pro+ នេះមានកាមេរ៉ាទំហំ 64-Megapixel OmniVision OV64B Periscope Telephoto ទ្រទ្រង់ជាមួយនឹងមុខងារហ៊្សូម 3x optical zoom។
តាមការទម្លាយចេញពីអ្នកទម្លាយរបស់ចិនបានបញ្ជាក់ថា ស្មាតហ្វូន Realme 12 Series នេះ នឹងក្លាយជាម៉ូដែលប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Redmi Note 14 Series។ ស្មាតហ្វូន Redmi Note 13 Series ត្រូវគេទម្លាយនៅក្នុងប្រទេសចិននៅក្នុងខែកញ្ញានេះ ហើយក្រុមហ៊ុននេះ នឹងរក្សានូវចន្លោះពេល 6 ខែមុនពេលដែលប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Redmi Note 14។ យ៉ាងណាមិញ វានៅមិនទាន់មានព័ត៌មានអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Redmi Note 14 Series នោះទេ៕