Huawei ត្រៀមប្រារព្ធព្រឹត្តិការណ៍បង្ហាញចេញសមត្ថិផលថ្មីរបស់ខ្លួនដូចជា ស្មាតហ្វូនអេក្រង់បត់បីបត់ជំនាន់ថ្មីជាដើម នៅថ្ងៃទី 4 ក្នុងខែកញ្ញានេះ។ ក្រៅពីនេះ ក៏នៅមានផលិតផលថ្មីៗមួយចំនួនទៀតផងដែរ ដែល Huawei ត្រូវធ្វើការប្រកាសបង្ហាញចេញនៅថ្ងៃនោះ ក្នុងនោះក៏មាន Tablet ស៊េរីថ្មីម៉ូដែល MatePad Mini មួយផងដែរ។ ទន្ទឹមនឹងការបង្ហាញវត្តមានផ្លូវការជិតមកដល់ ពេលនេះ ក៏មានការទម្លាយចេញគុណសម្បត្តិមួយចំនួនរបស់ Tablet ស៊េរីថ្មីនេះផងដែរ។
យោងទៅលើការបង្ហោះនៅលើគណនី Weibo ឈ្មោះថា “Panda is very bald” បានបង្ហាញថាព័ត៌មានថា Huawei MatePad Mini គឺមានអេក្រង់ទំហំ 8.8-inch ខ្នាត 16:10 aspect ratio ល្បឿន 120Hz refresh rate ជាមួយប្រភេទអេក្រង់ Hole-punch cutout ដែលមានគែម bezel ស្តើងបំផុត។
ប្រភពដដែលបន្ថែមទៀតថា MatePad Mini នឹងប្រើបន្ទះឈីប Kirin 9020 ដែលប្រើនៅលើកំពូលស្មាតហ្វូន Pura 80 Series។ បន្ទះឈីបនេះប្រើប្រាស់ល្បឿន 2.5GHz Prime Core + 2.15GHz Performance Core + 1.6GHz Efficiency Core។ សម្រាប់ថ្មវិញ Huawei MatePad Mini នឹងមានថ្មទំហំ 6,000mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្លាំង 66W Wired Fast Charging។
Huawei MatePad Mini អាចនឹងមានទម្ងន់ស្រាលត្រឹម 260 ក្រាម ជាមួយកម្រាស់ស្តើងប្រហែលជាង 5mm ហើយនិងមានជម្រើសពណ៌ដូចជា ពណ៌ស ខ្មៅ និងបៃតង។ Tablet ស៊េរីថ្មីនេះ ក៏នឹងមានស្រោបដោយស្រទាប់អេក្រង់ប្រភេទ Anti-glare display ដើម្បីជួយទប់នឹងចំណាំងពន្លឺពីខាងក្រៅចូលផ្ទៃអេក្រង់ផងដែរ។ យ៉ាងណាមិញសម្រាប់តម្លៃ និងគុណសម្បត្តិផ្សេងៗទៀតរបស់ Huawei MatePad Mini នៅមិនទាន់ត្រូវបានបង្ហាញឲ្យុដឹងនៅឡើយទេក្នុងពេលនេះ ដូចនេះ មានតែរងចាំអ៊ុតមើលទាំងអស់គ្នានៅថ្ងៃបង្ហាញវត្តមានផ្លូវការណ៍នាថ្ងៃទី 4 កញ្ញា ខាងមុខនេះ៕