ក្រុមហ៊ុន Huawei បានធ្វើការប្រកាសចេញលក់ម៉ាស៊ីនកុំព្យូទ័រ Notebook ស៊េរីថ្មីម៉ូដែល Huawei Qingyuan L450 កាលពីដើមខែធ្នូ ក្នុងឆ្នាំ 2023 នៅទីផ្សារប្រទេសចិន។ ដោយម៉ាស៊ីន Notebook ស៊េរីថ្មីនេះ បានប្រើប្រាស់កំលាំងម៉ាស៊ីនអូសដោយបន្ទះឈីប Mobile Platform ស៊េរី Kirin 9006C ខ្នាត 5nm។ ហើយបើតាមប្រភពព័ត៌មានចចាមអារាមបាននិយាយថា បន្ទះឈីបនេះ គឺត្រូវបានអភិវឌ្ឍន៍ផលិតឡើងដោយក្រុមហ៊ុន SMIC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយរបស់ប្រទេសចិន ដែលក្រុមហ៊ុននេះត្រូវបានគេដឹងលឺថាបាននឹងកំពុងដំណើរការផលិតបន្ទះឈីប 5nm Silicon កម្រិតខ្ពស់ដំបូងរបស់ខ្លួន។
ទោះជាបែបនេះក្តី បើតាមការបញ្ជាក់ដោយការដោះពិនិត្យគ្រឿងបន្លាស់របស់ Huawei Qingyuan L450 Notebook ផ្ទាល់ដោយក្រុមការងារបណ្តាញ Tech Insights គឺបានបង្ហាញយ៉ាងច្បាស់ថា បន្ទះឈីបដែលប្រើ់នៅក្នុងម៉ាស៊ីន Notebook ស៊េរីថ្មីរបស់ Huawei នេះ គឺមិនមែនផលិតដោយ SMIC នោះទេ ប៉ុន្តែ ជាឈីបដែលបានផលិតដោយក្រុមហ៊ុន TSMC។ យ៉ាងណាមិញ បើតាមប្រភពបញ្ជាក់ថា បន្ទះឈីបនេះ គឺត្រូវបានផលិតដោយប្រើបច្ចេកវិទ្យាស៊េរីចាស់ និងមានប្រសិទ្ធិភាពតិចជាងបន្ទះឈីប 5nm របស់ TSMC បច្ចុប្បន្ន។ ដោយឈីបនេះ គឺអាចត្រូវបានផលិតតាំងពីឆ្នាំ 2020 មកម្ល៉េះ ដែលនេះ អាចបង្ហាញឲ្យឃើញថា Huawei បាននឹងកំពុងបញ្ចេញប្រើប្រាស់បន្ទះឈីបស្តុកចាស់របស់ខ្លួន ដែលត្រូវបានផលិតដោយបច្ចេកវិទ្យា 5nm របស់ TSMC កាលពីប៉ុន្មានឆ្នាំមុន។
សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតបន្ទះឈីប SMIC របស់ប្រទេសចិន គឺបាននិងកំពុងដំណើរការអភិវឌ្ឍន៍បន្ទះឈីបស្តង់ដារខ្នាត 5nm របស់ខ្លួន ប៉ុន្តែ សម្រាប់លទ្ធផល គឺមិនទាន់ចេញជាផ្លែផ្កានៅឡើយទេ។ ប៉ុន្តែ ក្រុមហ៊ុននេះ បានបង្ហាញពីភាពជោគជ័យរបស់ខ្លួនក្នុងការផលិតបន្ទះឈីបស្តង់ដារខ្នាត 7nm ជំនាន់ទីពីររបស់ខ្លួនរួចហើយនាពេលកន្លងមក។
ងាកមកក្រុមហ៊ុន Huawei វិញ ក្រោយពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក អស់រយះពេលប៉ុន្មានឆ្នាំមកនេះ បានធ្វើឲ្យអាជីវកម្មស្មាតហ្វូនបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែការបិទផ្ទប់ផ្លូវមិនឲ្យ Huawei ប្រើប្រាស់បច្ចេកវិទ្យាទាំងឡាយដែលផលិតដោយក្រុមហ៊ុនរបស់លោកខាងលិច ជាពិសេសបច្ចេកវិទ្យាបន្ទះឈីប និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា 5G តែម្តង។ ប៉ុន្តែ Huawei នៅតែព្យាយាមជំនះក្នុងការអភិវឌ្ឍន៍បង្កើតផលិតផលផ្ទាល់ខ្លួន និងបាននឹងកំពុងស្វែងរកក្រុមហ៊ុនផលិតបន្ទះឈីបដើម្បីរក្សាការប្រកួតប្រជែងរបស់ខ្លួននៅលើទឹកដីចិន៕