នេះគឺជាឡានអគ្គិសនីថ្មីរបស់ Toyota គឺម៉ូដែល bZ7 ដែលទើបតែបានបង្ហាញខ្លួន នៅក្នុងកម្មវិធី Shanghai Auto Show ហើយនឹងចេញលក់នៅលើទីផ្សារប្រទេសចិន នាឆ្នាំក្រោយនេះតែម្តង។ ឡាន Toyota bZ7 ត្រូវបានចូលរួមសហការណ៍ផលិតដោយ ក្រុមហ៊ុន Toyota និង GAC ជាប្រភេទឡាន Sedan អគ្គិសនីខ្នាតធំ ដែលនឹងផ្តល់ឲ្យនូវសុវត្ថិភាព, ភាពធន់, គុណភាពផលិតខ្ពស់ និង បច្ចេកវិទ្យាទំនើបៗរបស់ប្រទេសចិន ផងដែរ។
Toyota bZ7 មានការឌីហ្សាញបែប Sleek ស្អាត ជាមួយនឹងតួខ្លួនបែប Aerodynamic និង ដំបូលរៀងទាល បែបស្ព័រ មើលមួយភ្លែតស្រដៀងនឹង Toyota Crown Crossover ផងដែរ ប៉ុន្តែវាក៏មានភាព Unique ផ្ទាល់ខ្លួន ដូចជា ចង្កៀងមុខ LED រាងស្រួច និង ស្តុបក្រោយ LED រាងស្លីម លាតពេញផ្នែកខាងក្រោយ តែម្តង។
bZ7 នេះមានប្រវែងតួខ្លួន 5 ម៉ែត្រ ដូចទៅនឹង Tesla Model S, Mercedes EQE និង BMW i5 ផងដែរ ខណៈ Toyota បានចាត់ទុកវាជាម៉ូដែល Flagship សម្រាប់ត្រកូលឡានអគ្គិសនី នៅក្នុងប្រទេសចិន។ អ្វីដែលរឹតតែពិសេសនោះគឺ Toyota bZ7 មានបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបៗ ក៏ដូចជា អេក្រង់កម្សាន្តផ្នែកកណ្តាលធំ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Harmony OS របស់ Huawei និង កុងទ័រឌីជីថល អមដោយប្រព័ន្ធភ្លើមឌីមនៅក្នុងកាប៊ីន Ambient Lighting យ៉ាងទាក់ទាញ ទៀតផង។
ក្រុមហ៊ុន Toyota ក៏បានសន្យាដែរថា bZ7 នឹងបំពាក់បច្ចេកវិទ្យាវៃឆ្លាតជំនាន់ចុងក្រោយបង្អស់ ជាពិសេសប្រព័ន្ធជំនួយការបើកបរ ADAS ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃ ឲ្យកាន់តែមានសុវត្ថិភាពខ្ពស់។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ព័ត៌មានលម្អិតបន្ថែម ដូចជា តម្លៃ និងចម្ងាយបើកបរ ព្រមទាំង តួលេខ Performance របស់វា នៅមិនទាន់ត្រូវបានបង្ហាញនោះទេ ដូច្នេះយើងមានតែរង់ចាំមើលបន្តទៀតប៉ុណ្ណោះ៕