យោងតាមរបាយការណ៍ថ្មីមួយ បានទម្លាយថា ក្រុមហ៊ុន vivo នឹងរៀបចំនូវព្រឹត្តិការណ៍មួយនៅក្នុងប្រទេសឥណ្ឌា នាថ្ងៃទី 10 ខែកក្កដាខាងមុខនេះ ដើម្បីបង្ហាញចេញនូវស្មាតហ្វូន vivo X200 FE និងស្មាតហ្វូនបត់បាន vivo X Fold 5។ ស្មាតហ្វូន X200 FE នេះ នឹងក្លាយជាស្មាតហ្វូនប្រភេទ Flagship ខ្នាតតូច ខណៈពេលដែលស្មាតហ្វូន vivo X Fold 5 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី។ ថ្មីៗនេះ ស្មាតហ្វូន vivo X200 FE ត្រូវបានគេឃើញបង្ហាញខ្លួននៅលើវិញ្ញាបនបត្រជាច្រើន ខណៈដែលស្មាតហ្វូនអេក្រង់បត់បាន X Fold 5 ដែលនឹងលក់នៅលើចិន និងនៅលើទីផ្សារសកល ក៏ទទួលបាននូវវិញ្ញាបនបត្រជាច្រើនផងដែរ។
យោងតាមការបញ្ជាក់នៅក្នុងប្រភពខាងលើនេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មីរបស់ Vivo មួយនេះ គឺបង្ហាញខ្លួននៅក្នុងទិន្នន័យ 3C របស់ប្រទេសចិនហើយ ដោយមានលេខម៉ូដែល V2507A ។ ស្មាតហ្វូននេះគឺជាម៉ូដែលលក់នៅលើទីផ្សារប្រទេសចិន។ នៅលើបញ្ជីថែមទាំងបញ្ជាក់ទៀតថា ស្មាតហ្វូន X Fold 5 នឹងមានប្រើប្រាស់នូវឆ្នាំងសាកកម្លាំង 90W ថែមទៀតផង។ មុននេះ មានការទម្លាយថា ស្មាតហ្វូនអេក្រង់បត់បាន X Fold 5 នេះ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាខែកក្កដាខាងមុខ។
ជាមួយគ្នានេះ ក៏មានការបង្ហាញពីស្មាតហ្វូនថ្មីមួយទៀតរបស់ Vivo មានលេខម៉ូដែល V2429 បង្ហាញខ្លួននៅលើវិញ្ញាបនបត្រ IMDA នៅក្នុងប្រទេសសិង្ហបុរី និងវិញ្ញាបនបត្រ SIRIM នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។ សម្រាប់លេខកូដ V2429 នេះ ត្រូវបានគេនិយាយថា អាចជាម៉ូដែលលក់នៅលើទីផ្សារសកល របស់ស្មាតហ្វូន X Fold 5។
ស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 5 នេះ នឹងមានអេក្រង់ខាងក្នុងទំហំ 8.03-អ៊ីង កម្រិត 2K+ ល្បឿន 120Hz AMOLEDខណៈដែលអេក្រង់ខាងក្រៅមានទំហំ 6.53-អ៊ីង កម្រិត FHD+ ល្បឿន 120Hz LTPO AMOLED។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ហើយនិងមានកាមេរ៉ា 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50-Megapixel (Sony IMX921, Ultra-Wide និងមួយគ្រាប់ទៀតជាសិនស័រ IMX882 គាំទ្រជាមួយនឹង 3x optical zoom) ហើយនិងទ្រទ្រង់ដោយ Zeiss optics។ សម្រាប់កាមេរ៉ាខាងមុខ មានទំហំ 32-Megapixel។
ស្មាតហ្វូនអេក្រង់បត់បាននេះ មានថាមពលថ្មទំហំ 6,000mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 90W និង 30W wireless charging។ នៅលើស្មាតហ្វូនអេក្រង់បត់នេះ ក៏មានការប្រើប្រាស់នូវសិនស័រ Side-Mounted Fingerprint Sensor, IPX8 និងមានកម្រាស់ត្រឹមតែ 4.33mm នៅពេលលាតអេក្រង់៕