នៅថ្ងៃនេះ Magic V5 ដែលជាស្មាតហ្វូនបត់បានស៊េរីថ្មីរបស់ក្រុមហ៊ុន Honor ត្រូវបានគេឃើញថា បានបង្ហាញខ្លួននៅលើបញ្ជី Geekbench ហើយ ដោយភ្ជាប់ជាមួយនឹងលេខម៉ូដែល MHG-AN00។ នៅលើបញ្ជីនេះបានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ហើយនិងមានរ៉េមទំហំ 16GB ក៏ដូចជាដំណើរការនៅលើ ប្រព័ន្ធប្រតិបត្តិការ Android 15 ថែមទៀតផង។ ស្មាតហ្វូននេះទទួលពិន្ទុ 2976 ទៅលើការតេស្ត Single-Core និងពិន្ទុ 8892 ទៅលើការតេស្ត Multi-Core។
ស្មាតហ្វូនអេក្រង់បត់បាន Magic V5 នេះ មានអេក្រង់ខាងក្រៅទំហំ 6.45-អ៊ីងដែលជាអេក្រង់ OLED និងអេក្រង់ខាងក្នុងទំហំ 8-អ៊ីង ហើយអេក្រង់ទាំងពីរនេះ គឺមានការទ្រទ្រង់ទៅលើល្បឿនកម្រិតអេក្រង់ 120Hz refresh rate ដូចគ្នា។ ស្មាតហ្វូនថ្មីនេះត្រូវគេទម្លាយថា នឹងមានរ៉េមទំហំ 16GB LPDDR5x RAM ហើយនិងម៉េមូរីទំហំ 1TB UFS 4.0 ផងដែរ។ សម្រាប់ថាមពលនៅលើស្មាតហ្វូននេះ គឺនឹងមានថាមពលថ្មទំហំ 6,100mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 66W wired charging ហើយនិង 50W wireless charging។
បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានកាមេរ៉ា 3 គ្រាប់ ដែលមានទំហំ 50MP គាំទ្រជាមួយនឹងមុខងារ OIS ហើយនិងកាមេរ៉ា 50MP ultra-wide lens ក៏ដូចជា 200MP periscope telephoto ថែមទៀតផង។
អ្វីដែលពិសេសជាងនេះទៀតនោះ ស្មាតហ្វូននេះបំពាក់នូវ satellite messaging, IPX8 សម្រាប់ការពារទឹក និងធូលី និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង។ ស្មាតហ្វូន Magic V5 នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅចុងខែនេះ។ ទាក់ទងនឹងព័ត៌មានថ្មីនេះ ក្រុមហ៊ុន Honor ក៏មានគម្រោងក្នុងការបង្ហាញស្មាតហ្វូន Magic V2 Flip ដែលភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 3 នៅក្នុងខែមីនាខាងមុខនេះផងដែរ។
គួរបញ្ជាក់ថា កាលពីពេលមុននេះ ស្មាតហ្វូនលេខម៉ូដែល MBH-AN10 គឺបានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ CMIIT និង 3C ផងដែរ។ នៅក្នុងបញ្ជីនេះ បង្ហាញថា ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,950mAh និងបច្ចេកវិទ្យាសាកថ្មលឿន 66W fast charging។ សូមជំរាបថា របាយការណ៍មុននេះ ក៏ធ្លាប់បានបញ្ជាក់ដែរថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងដំណើរការនូវ MagicOS 9.0 នៅលើ Android 15៕