ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីល្បីឈ្មោះក្នុងប្រទេសចិន Xpeng បានប្រកាសសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក្នុងការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យារថយន្តឆ្លាតវៃនៅលើរថយន្តជំនាន់ថ្មីរបស់ខ្លួន។ ការប្រកាសពីកិច្ចសហការគ្នានេះ គឺនឹងផ្តល់នូវសក្តានុពលបន្ថែមទៀតរបស់ Xpeng នៅក្នុងទីផ្សាររថយន្តអគ្គិសនីឆ្លាតវៃក្នុងប្រទេសចិន និងនៅលើទីផ្សារសកល។
ស្របពេលជាមួយគ្នានេះ Xpeng បានធ្វើការបង្ហោះនូវគំរូរថយន្តអគ្គិសនីប្រភេទ sedan ស៊េរីថ្មីនៅលើគណនី Weibo ផ្លូវការណ៍របស់ក្រុមហ៊ុន និងបានភ្ជាប់នូវសារបញ្ជាក់ថា រថយន្តអគ្គិសនីស៊េរីថ្មីនេះ គឺគាំទ្រនូវប្រព័ន្ធមុខងារ Head Up Display (HUD) ដែលអភិវឌ្ឍន៍ដោយវិស្វករបច្ចេកទេស Huawei។ ហើយតាមការបញ្ជាក់ពី Xpeng មុខងារ HUD ថ្មីនេះ នឹងគ្រប់គ្រងទៅលើការបង្ហាញព័ត៌មានសំខាន់ៗសម្រាប់អ្នកបើកបររថយន្តនៅលើកញ្ចក់ដំបូលខាងមុខរបស់រថយន្តផ្ទាល់តែម្តង។
បច្ចុប្បន្ន Huawei ត្រូវបានគេកត់សំគាល់បានថា ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានភាពលេចធ្លោរខ្លាំងក្នុងការផ្គត់ផ្គងទៅលើបច្ចេកវិទ្យារថយន្តអគ្គិសនីទំនើបនៅក្នុងវិស័យរថយន្តអគ្គិសនី ដូចនេះ ការសហការជាមួយ Huawei នឹងធ្វើឲ្យម៉ាកយីហោឡានអគ្គិសនីរបស់ Xpeng កាន់តែមានភាពលេចធ្លោរខ្លាំងថែមមួយកម្រិតទៀតក្នុងការប្រគូតប្រជែងនៅលើទីផ្សារ។
គួររលឹកថា កាលពី វិច្ឆិកា ឆ្នាំ 2023 លោក Richard Yu នាយកប្រតិបត្តិកំពូលនៅក្រុមហ៊ុន Huawei ដែលដឹកនាំក្រុមអាជីវកម្មអ្នកប្រើប្រាស់ ឬ consumer business group បានអះអាងថា លោក He Xiaopeng ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន XPeng មិនយល់ច្បាស់ពីអ្វីដែល AEB នោះទេ។
លោក He បានឆ្លើយតបភ្លាមៗទៅនឹងការអត្ថាធិប្បាយរបស់ Yu ដោយចាប់ផ្តើម "ការពិភាក្សា" ដែលត្រូវបានតាមដានយ៉ាងទូលំទូលាយនៅទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងបង្ហាញពីការប្រកួតប្រជែងដែលកំពុងបន្តរវាងក្រុមហ៊ុនទាំងពីរ។ កាលពីខែកុម្ភៈ លោក He Xiaopeng បានចែករំលែករូបថតខ្លួនលោកជាមួយនឹងស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei។ ទន្ទឹមនឹងរូបភាពនៅលើ Weibo លោក He បានសរសេរថា "វាជាកិត្តិយសក្នុងការរៀន និងផ្លាស់ប្តូរគំនិតជាមួយលោក Ren" ។
យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Huawei នៅក្នុងវិស័យឧស្សាហកម្មរថយន្ត គឺខុសពីវិធីសាស្រ្តទូទៅ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនមានគម្រោងផលិតរថយន្តអគ្គិសនីដោយខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ Huawei ចង់ក្លាយជាអ្នកផ្តល់បច្ចេកវិទ្យាដ៏សំខាន់ដល់ក្រុមហ៊ុនផលិតរថយន្តដែលមានស្រាប់។
Huawei បានចាប់ដៃគូជាមួយក្រុមហ៊ុនរថយន្តចិនជាច្រើនរួចហើយ ដើម្បីផលិតរថយន្តអគ្គិសនីថ្មីដោយបង្កប់បំពាក់នូវបច្ចេកវិទ្យារបស់ខ្លួននៅក្នុងរថយន្តទាំងនោះ។ ការផ្តល់ជូនរបស់ Huawei សម្រាប់ទីផ្សាររថយន្តអគ្គិសនី គឺមានលក្ខណៈទូលំទូលាយ រួមទាំងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ហៅកាត់ថា ADAS កម្មវិធីរថយន្តទំនើប ឧបករណ៍ចាប់សញ្ញា LiDAR និងប្រព័ន្ធអេក្រង់ទំនើប ដូចជាបច្ចេកវិទ្យា Head up display ជាដើម៕