
Honor Magic V3 គឺជាស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Honor ត្រូវបានគេចាត់ទុកថា ជាស្មាតហ្វូនដែលមានកម្រាស់ស្តើងជាងគេបំផុតរបស់ពិភពលោក។ ស្មាតហ្វូននេះ មានកម្រាស់ 9.3mm នៅពេលដែលបត់ និងមានកម្រាស់ 4.35mm នៅពេលដែលបើក។ សូមជំរាបថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន OPPO ក៏បានបញ្ចេញនូវ Find N5 ដែលជាស្មាតហ្វូនអេក្រង់បត់បានថ្មីរបស់ខ្លួនផងដែរ ដោយម៉ូដែលនេះ មានកម្រាស់ 8.9mm នៅពេលបិទ និងបើកមានកម្រាស់ 4.2mm។
នៅថ្ងៃនេះ យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor បានបង្ហើបថា ស្មាតហ្វូនអេក្រង់បត់បានថ្មីម៉ូដែល Magic V5 ដែលត្រៀមនឹងបង្ហាញវត្តមានខាងមុខនេះ គឺមានរូបរាងស្លីមជាងស្មាតហ្វូនអេក្រង់បត់បានរបស់ OPPO ម៉ូដែល Find N5 ថែមទៀតផង។ បើមើលទៅលើរូបភាព Poster ថ្មីដែលទម្លាយនៅលើ Weibo ពេលនេះ បានទម្លាយនូវកម្រាស់ និងកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនអេក្រង់បត់បាន Magic V5 នេះហើយ។

រូបភាព Poster ថ្មីរបស់ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V5 ថ្មីនេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងគ្រងដំណែងជំនួសស្មាតហ្វូន OPPO Find N5 នៅក្នុងនាមជាស្មាតហ្វូនបត់បានស្តើងបំផុតរបស់ពិភពលោក។ ស្មាតហ្វូនថ្មីនេះ នឹងមានកម្រាស់ស្តើងត្រឹមតែ 8.8mm ប៉ុណ្ណោះ។ ស្មាតហ្វូនថ្មីនេះ នឹងមានកម្រាស់ស្តើងជាងស្មាតហ្វូន Find N5។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើនកន្លងមកបាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាន Magic V5 នេះ អាចនឹងមានទម្ងន់ស្រាលជាង 219g ទៅទៀត។
គួរបញ្ជាក់នៅពេលដ៏ខ្លីខាងមុខនេះ ទីផ្សារស្មាតហ្វូនអេក្រង់បត់បាន នឹងមានាការប្រជែងគ្នាច្រើន ដោយសារតែស្មាតហ្វូន Samsung Galaxy Z Fold 7 ក៏ត្រៀមខ្លួនបង្ហាញចេញនៅលើទីផ្សារផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានកម្រាស់ 4.54mm នៅពេលបើក និងកម្រាស់ 9mm នៅពេលបិទ។ សម្រាប់ថាមពលថ្មរបស់ស្មាតហ្វូននេះ គឺតូចជាងគេ គឺមានទំហំត្រឹមតែ 4,400mAh ប៉ុណ្ណោះ។

សម្រាប់ស្មាតហ្វូន OPPO Find N5 មានថាមពលថ្មទំហំ 5,600mAh គាំទ្រជាមួយនឹង 80W wired charging ហើយនិង 50W wireless charging ខណៈពេលដែលស្មាតហ្វូន vivo X Fold 5 នឹងមានថាមពលថ្មទំហំ 6,000mAh គំាទ្រជាមួយនឹង កម្លាំងសាក 90W wired ហើយនិង 30W wireless charging។ មុននេះក៏ធ្លាប់មានរបាយការណ៍ជាច្រើនទម្លាយថា ស្មាតហ្វូន Magic V5 នឹងមានថាមពលថ្មទំហំ 6,100mAh និង 66W fast charging ផងដែរ។ ស្មាតហ្វូន Magic V5 នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 2 ខែកក្កដាខាងមុខនេះ៕





