ស្មាតហ្វូនបត់បាន 3 តង់ Samsung Tri-Fold ត្រូវបានគេរំពឹងថា អាចនឹងមានការបង្ហាញខ្លួននៅឆ្នាំនេះហើយ ដោយអាចនឹងបំពាក់នូវគែមធ្វើពីទីតាញ៉ូម និងបន្ទះឈីប Snapdragon សម្រាប់ទីផ្សារទាំងអស់ថែមទៀតផង។ ប៉ុន្តែអ្វីដែលខកចិត្តនោះ នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមិនមានកាមេរ៉ាខាងក្រោមអេក្រង់នោះទេ។ តាមការទម្លាយចេញពី @PandaFlashPro ដែលបង្ហោះនៅលើបណ្តាញសង្គម X នោះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាន Tri-Fold នេះ គឺនឹងមានការប្រើប្រាស់នូវការបញ្ចូលគ្នានៃទីតាញ៉ូម និងអាលុយមីញ៉ូមសម្រាប់គែម និងតួខ្លួន។
ជាមួយនិងការប្រើប្រាស់នូវទីតាញ៉ូមនេះ ត្រូវបានគេជឿជាក់ថា គឺដើម្បីអោយស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ធន់ក្នុងការប្រើប្រាស់ជាងមុន។ សូមជំរាបថា ការប្រើប្រាស់ទីតាញ៉ូម ក៏ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S Ultra flagships រួចហើយដោយបានបង្ហាញនូវភាពធន់សម្រាប់ស្មាតហ្វូនបានល្អជាងមុន។ ដោយសារតែមើលឃើញនូវគុណសម្បត្តិដូច្នេះហើយ ទើបក្រុមហ៊ុន Samsung បានត្រៀមប្រើប្រាស់គែមទីតានៀម នៅលើស្មាតហ្វូនបត់បានរបស់ខ្លួនផងដែរ ដើម្បីពង្រឹងទៅលើភាពធន់របស់វានោះ។
ស្មាតហ្វូនថ្មីនេះនឹងមានការប្រើប្រាស់នូបន្ទះឈីប Qualcomm Snapdragon 8 Elite ដែលដូចគ្នាទៅនឹងបន្ទះឈីបដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S25 series។ នៅលើស្មាតហ្វូននេះ ក៏មានរ៉េមទំហំ 16GB LPDDR5X RAM ដែលជួយស្មាតហ្វូននេះសម្រាប់ការងារ multitasking, ការលេងហ្គេម និងមុខងារ AI ជាច្រើនទៀតកាន់តែងាយស្រួលទៀតផង។ បច្ចេកវិទ្យាមួយដែលមិនមាននៅលើស្មាតហ្វូននេះ គឺកាមេរ៉ាខាងក្រោមអេក្រង់ UDC។ ស្មាតហ្វូននេះ នឹងមានសេនស័រទំហំ 12MP។ សម្រាប់ថាមពលថ្មរបស់ស្មាតហ្វូននេះ អាចនឹងមានទំហំ 4,400 mAh។
តាមការទម្លាយកន្លងមក ធ្លាប់មានការរំពឹងថា ស្មាតហ្វូនបត់បាន 3 តង់ Tri-Fold នេះ អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Samsung Galaxy Unpacked ដែលនឹងធ្វើឡើងនៅថ្ងៃទី 9 ខែកក្កដាខាងមុខនេះ នៅក្នុងទីក្រុងញ៉ូវយក ជាមួយនឹងស្មាតហ្វូនបត់បាន Z Fold7 និង Z Flip7 ។ សម្រាប់ការលក់ជាផ្លូវការគឺអាចនៅក្នុងខែតុលាខាងមុខនេះនៅក្នុងទីផ្សារមួយចំនួនដែលបានជ្រើសរើសដូចជាចិន និងកូរ៉េខាងត្បូងជាដើម។ ស្មាតហ្វូនបត់បាន 3 តង់ Tri-Fold នេះអាចនឹងមានតម្លៃប្រហែលជា $2,800 ៕