យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានអោយដឹងថា Xiaomi 16 Ultra បានស្ថិតនៅក្នុងការអភិវឌ្ឍហើយដើម្បីផ្តល់នូវបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យនោះ ស្មាតហ្វូនថ្មីនេះ អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាសិនស័រកាមេរ៉ាដែលអ្វីដែលយើងមើលឃើញនៅលើកាមេរ៉ាស្មាតហ្វូន Huawei Pura 80 Ultra អញ្ចឹង។ នៅពេលនេះ ស្មាតហ្វូន Pura ថ្មីនេះ បានឆក់យកនូវបេះដូងរបស់អ្នកប្រើប្រាស់ជាច្រើន ដោយមិនត្រឹមតែអ្នកប្រើប្រាស់នោះទេ គឺថែមទាំងដៃគូប្រជែងជាច្រើនរបស់ខ្លួនផងដែរ។
យោងតាមការទម្លាយចេញពី @That_Kartikey នៅលើ X បានបញ្ជាក់ថា ក្រុមហ៊ុន Xiaomi បានសហការជាមួយនឹងក្រុមហ៊ុន SmartSens សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន។ បន្ទាប់ពីការបែកធ្លាយនេះ អ្នកលេងនៅលើអ៊ីនធឺណិតជាច្រើនក៏និយាយថា ក្រុមហ៊ុននេះអាចនឹងដើរតាមក្រុមហ៊ុន Huawei ។ SmartSens Technology គឺជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនដែលអភិវឌ្ឍទៅលើសេនស័រ CMOS image sensors។ ក្រុមហ៊ុននេះផ្តល់នូវដំណោះស្រាយរូបភាពកម្រិតខ្ពស់ និងការផ្តល់នូវផលិតផលជាច្រើនដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាមួយនឹង lens ជាច្រើន។
ពាក្យចចាមអារ៉ាមជាច្រើនមុននេះ បានទម្លាយថា ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវសិនស័រ SC5A0CA នេះ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Pura 80 Ultra។ ស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រាស់នូវ SmartSens សម្រាប់ជំនួសក្រុមហ៊ុន SONY និង Samsung ផងដែរ។ គួររំលឹកផងដែរថា ស្មាតហ្វូន Xiaomi 16 Ultra នេះ អាចនឹងប្រើប្រាស់នូវកាមេរ៉ាគោលដូចគ្នាទៅនឹងស្មាតហ្វូន Huawei Pura 80 Ultra អញ្ចឹង។
សម្រាប់កាមេរ៉ាគោលរបស់ស្មាតហ្វូន Pura 80 Ultra នេះ មានទំហំ 50MP គាំទ្រដោយសិនស័រទំហំ 1-អ៊ីង Ultra-High Dynamic Range ហើយនឹងមានកម្រិត Aperture f/1.6 – f/4.0 រួមនិងមុខងារ OIS។ កាមេរ៉ាគោលរបស់ស្មាតហ្វូន Pura 80 Ultra មានកម្រិត Dynamic Range ខ្ពស់ជាង 15 ដង ប្រៀបធៀបទៅនឹងស្មាតហ្វូនជំនាន់ថ្មី Pura 70 Ultra៕