ក្រុមហ៊ុន Google ត្រូវគេរំពឹងថា នឹងបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី Pixel 10 Series នៅថ្ងៃទី 20 ខែសីហាខាងមុខនេះហើយ ដែលមានស្មាតហ្វូនទាំងនេះមានដូចជា Pixel 10, Pixel 10 Pro, Pixel 10 Pro XL និង Pixel 10 Pro Fold។ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ នៅមិនទាន់បានទម្លាយអំពីព័ត៌មានលម្អិតរបស់ស្មាតហ្វូនទាំងនេះនៅឡើយនោះ នៅពេលនេះ លក្ខណៈសម្បត្តិមួយចំនួនស្មាតហ្វូនអេក្រង់បត់បាន Pixel 10 Pro Fold ត្រូវបានបង្ហាញខ្លួននៅលើ Geekbench ហើយ ។
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ បានបង្ហាញខ្លួនជាមួយនឹងឈ្មោះកូដ Motherboard “rango” និង octa-core CPU ដែលប្រើប្រាស់នូវ 2+5+1 configuration: 2 cores ដែលមានល្បឿន 2.25GHz, 5 cores ដែលមានល្បឿន 3.05GHz និង 1 cores ដែលមានល្បឿន 3.78GHz ។ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Tensor G5 របស់ក្រុមហ៊ុន Google ជាមួយនឹងរ៉េមទំហំ 16GB និងប្រព័ន្ធប្រតិបត្តិការ Android 16។
នៅក្នុងការតេស្តនៅលើ Benchmark នេះ ស្មាតហ្វូននេះ មានពិន្ទុ 2,276 ទៅលើការតេស្ត single-core និង 6,173 ទៅលើការតេស្ត multi-core ដែលមានពិន្ទុខ្ពស់ជាងស្មាតហ្វូន Pixel 9 Pro Fold បំពាក់នូវបន្ទះឈីប Tensor G4 ធ្វើបានពិន្ទុត្រឹមតែ1,981 និង 4,783 ប៉ុណ្ណោះ។
យោងតាមរបាយការណ៍ជាច្រើននៅមុននេះ បានទម្លាយថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Pixel 10 Pro Fold នេះ នឹង មានកម្រាស់ស្លីមជាងមុន និងធន់ជាង ស្មាតហ្វូនជំនាន់មុន។ ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវ គន្លឹះថ្មី ដែលមានគោលដៅក្នុងការកាត់បន្ថយទៅលើកម្រាស់ និងធ្វើអោយស្មាតហ្វូននេះងាយស្រួលកាន់ផងដែរ។ ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវ IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីបានថែមទៀតផង។ ស្មាតហ្វូន Pixel 10 Pro Fold នេះ នឹងមានកាមេរ៉ាទំហំ 50MP Sony GN8, 12MP Samsung 3J1 telephoto lens និង 12MP 3J1 ultra-wide lens ៕