no-alternative title
no-alternative title

Xiaomi YU7 នាំមុខ Tesla Model Y នៅលើទីផ្សារប្រទេសចិននៅក្នុងខែតុលាកន្លងទៅនេះ

ក្នុងខែតុលា កន្លងទៅថ្មីៗនេះ Xiaomi លក់រថយន្តអគ្គិសនីថ្មីរបស់ខ្លួនសរុបបានចំនួន 48,654 គ្រឿង នេះបើយោងតាមរបាយការណ៍ពីស្ថាប័ន China Passenger Car Association (CPCA)។ ដោយក្នុងតួរលេខនេះ Xiaomi លក់រថយន្ត SUV ម៉ូដែល YU7 របស់ខ្លួនបានចំនួនដល់ទៅ 33,662 គ្រឿងនៅក្នុងខែតុលា ដោយបាននាំមុខការលក់ Tesla Model Y នៅក្នុងទីផ្សារប្រទេសចិនក្នុងរយះពេលដូចគ្នា នេះតាមការបញ្ជាក់បន្ថែមពីបណ្តាញ IT-Home។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្ថាប័នឯករាជ្យដែលតាមដានប្រតិបត្តិការនៃការលក់ហៅថា ECC Intelligence Bureau បានគូសបញ្ជាក់ថា ការចេញសរុបរបស់ Tesla ក្នុងខែតុលាមាន គឺចំនួនប្រហែល 61,500 គ្រឿង ដោយក្នុងនោះមានចំនួនប្រហែល 35,400 គ្រឿងត្រូវបាននាំចេញចែកចាយលើទីផ្សារនានា ខណៈចំនួនប្រហែល 26,100 គ្រឿង គឺបានចែកចាយសម្រាប់ទីផ្សារប្រទេសចិនក្នុងខែតុលា។ តាមរង្វាស់នោះ ECC បានរាយការណ៍ថា ការនាំចេញសរុបរបស់ Xiaomi YU7 ក្នុងខែតុលា គឺច្រើនជាងការនាំចេញរបស់ Tesla Model Y នៅក្នុងទីផ្សារប្រទេសចិន។ 

ហើយបើយោងតាមក្រុមហ៊ុន Xiaomi ផ្ទាល់បានប្រកាសពីថ្ងៃទី 1 ខែវិច្ឆិកា ថា ការនាំចេញឡានអគ្គិសនីរបស់ខ្លួននៅខែតុលាបានបន្តលើសពី 40,000 គ្រឿង ក៏ប៉ុន្តែក្រុមហ៊ុនមិនបានបង្ហាញព័ត៌មានលម្អិតអំពីចំនួនម៉ូដែលនីមួយៗដែលត្រូវបាននាំចេញនោះទេ។ ក្នុងរបាយការណ៍ CPCA បានផ្តល់នូវការវិភាគតួរលេខជាសាធារណៈលើកដំបូង ដោយបានរួមបញ្ចូលគ្នានូវសេចក្តីថ្លែងការណ៍ពីមុនរបស់ Xiaomi ដែលការនាំចេញសម្រាប់ម៉ូដែល YU7 ដែលបានចាប់ផ្តើមនៅថ្ងៃទី 6 ខែកក្កដា ជាមួយនឹងតួលេខខែតុលារបស់ CPCA ការគណនាបង្ហាញថា ការនាំចេញសរុបរបស់ YU7 គឺបានលើសពី 70,000 គ្រឿងហើយ បើគិតមកដល់ពេលបច្ចុប្បន្ន។ ទិន្នន័យរបស់ CPCA ក៏បានបញ្ជាក់ដែលថា ការលក់រាយរថយន្តដឹកអ្នកដំណើរសរុបរបស់ប្រទេសចិនបានឈានដល់ប្រហែល 2.24 លានគ្រឿងនៅក្នុងខែតុលា។

ក្រុមហ៊ុន Xiaomi បានជាប់ចំណាត់ថ្នាក់ក្នុងចំណោះមក្រុមហ៊ុនផលិតរថយន្តដំណើរការដោយថាមពលថ្មីដែលលក់ដាច់បំផុតរបស់ប្រទេសចិនក្នុងខែតុលា ឆ្នាំ2025 ដោយក្រុមហ៊ុនផលិតឡានអគ្គិសនីក្មេងខ្ចីមួយនេះបានរំកឹលខ្លួនមកជិតពីក្រោយ BYD និង Tesla។

ការនាំចេញរថយន្តរបស់ Xiaomi ក្នុងខែតុលា កន្លងទៅគឺមានចំនួនសរុប 48,654 គ្រឿង ខណៈ BYD នាំចេញបានចំនួន 436,856 គ្រឿងនិង Tesla នាំចេញបានចំនួន 61,497 គ្រឿង។ Xiaomi YU7 បានក្លាយជារថយន្តអគ្គិសនីសុទ្ធប្រភេទ mid-size SUV ដែលលក់ដាច់បំផុតនៅក្នុងទីផ្សារប្រទេសចិនក្នុងខែតុលា ដោយលក់បានចំនួន 33,662 គ្រឿង។ YU7 ជារថយន្ត SUV-EV ដំបូង និងជាម៉ូដែលទីពីររបស់ Xiaomi ដែលត្រូវបានក្រុមហ៊ុនធ្វើការនាំចេញលើកដំបូងកាលពីពាក់កណ្តាលឆ្នាំ 2024៕

 

ព័ត៌មានពាណិជ្ជកម្ម